បុរសនៅទីក្រុង Kansas ដែលត្រូវបានចោទប្រកាន់ពីបទបាញ់ក្មេងជំទង់ម្នាក់នៅមាត់ទ្វារផ្ទះរបស់លោកបានបង្ហាញខ្លួននៅក្នុងតុលាការ ដើម្បីផ្តល់ចម្លើយពីភាពគ្មានទោសកំហុសចំពោះការចោទប្រកាន់ពីបទវាយប្រហារ និងបទឧក្រិដ្ឋប្រដាប់អាវុធ។

លោក Andrew Lester អាយុ ៨៤ ឆ្នាំ តាមដែលចោទប្រកាន់ថាបានបាញ់យុវជនម្នាក់ឈ្មោះ Ralph Yarl ពីរគ្រាប់បន្ទាប់ពីក្មេងជំទង់ស្បែកខ្មៅរូបនេះបានគោះទ្វារផ្ទះខុស ខណៈទៅទទួលប្អូនប្រុសរបស់ខ្លួន។
លោក Lester មិនបដិសេធនោះទេថា ខ្លួនមិនបានបាញ់ប្រហារទេ ប៉ុន្តែមេធាវីរបស់លោកបាននិយាយថា លោកគិតថាក្មេងប្រុសអាយុ ១៦ឆ្នាំ គឺជាការគំរាមកំហែង។ ប្រសិនបើត្រូវបានសម្រេចឲ្យមានទោស លោក Lester អាចនឹងជាប់ពន្ធនាគារអស់មួយជីវិត។ លោក Lester បានចូលទៅក្នុងតុលាការតំបន់ Clay County យឺតៗកាលពីថ្ងៃពុធ ដោយមានជំនួយពីមន្ត្រីតម្រួត និងឈើច្រត់។
លោកបានផ្តល់ចម្លើយពីភាពគ្មានទោសកំហុសចំពោះការចោទប្រកាន់នោះ ហើយបានឆ្លើយតបនឹងសំណួរជាច្រើនរបស់ចៅក្រម ដែលនៅចំណុចមួយហាក់ដូចជាយល់ច្រឡំ។ លោកត្រូវបានអនុញ្ញាតឱ្យមានសេរីភាពក្រៅឃុំ ដោយរង់ចាំការកាត់ក្តី ប៉ុន្តែត្រូវបានបញ្ជាឱ្យគេត្រួតពិនិត្យទូរស័ព្ទដៃរបស់លោក និងត្រូវប្រគល់លិខិតឆ្លងដែនរបស់លោក។ លោក Lester ក៏ត្រូវបានហាមមិនឱ្យកាន់កាន់កាំភ្លើង ឬចូលទៅជិតគ្រួសាររបស់យុវជន Ralph ឡើយ។ កាលពីដំបូង រដ្ឋអាជ្ញាម្នាក់បាននិយាយថា មានកក្តារួមផ្សំពីការរើងអើងជាតិសាសន៍ចំពោះឧក្រិដ្ឋកម្មនេះ ដែលគ្រួសាររបស់ Ralph ជឿជាក់ដូច្នោះដែរ ប៉ុន្តែលោក Lester មិនត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋនៃភាពស្អប់ខ្ពើមនោះទេ។ ជាមួយគ្នានេះដែរ ការរៃអង្គាសមូលនិធិសម្រាប់យុវជន Ralph Yarl បានកើនឡើងដល់ ៣.២ លានដុល្លារ។
លោក Lester ជាជនជាតិស្បែកស ពុំបានបដិសេធថាមិនបាញ់ក្មេងប្រុសចំក្បាល និងដៃនោះទេ ដោយប្រាប់អាជ្ញាធរថា លោកជឿថា លោកកំពុងការពារខ្លួនពីការប្រឈមមុខដាក់គ្នា។ រដ្ឋអាជ្ញាបាននិយាយថា Ralph ជាជនជាតិស្បែកខ្មៅពុំទាន់បានឆ្លងកាត់ជណ្តើរមាត់ទ្វាចូលលំនៅឋានរបស់លោក Lester នៅឡើយទេ ។