ភ្នំពេញ៖ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមទស្សនាគាំទ្រមិនតិចជាង ៥០ម៉ឺននាក់នោះទេ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់ BTV នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដម តុប សុភ័ក បានឱ្យដឹងថា ប្រតិភូអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះមានជាង ១ម៉ឺនពីរពាន់នាក់។
ឯកឧត្ដមថ្លែងថា៖ «យើងរំពឹងថានឹងមានអ្នកចូលរួមទស្សនាគាំទ្រមិនតិចជាង ៥០ ម៉ឺននាក់នោះទេ ទាំងភ្ញៀវជាតិ និងបរទេស»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែមេសាឆ្នាំ២០២៣ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺនៅសល់ ១៤ថ្ងៃទៀតនឹងចូលមកដល់។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕អត្ថបទ៖ វ៉ន ដារ៉ា