ប្រទេសបារាំង អ៊ុយក្រែន និងរដ្ឋនៅតំបន់បាល់ទិក ដូចជា អ៊ីស្តូនី ឡាតវី និងលីទុយអានី បានផ្ទុះកំហឹងជាខ្លាំង ក្រោយឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំក្នុងទីក្រុងប៉ារីស បានចោទជាសំណួរអំពីអធិបតេយ្យភាពរបស់បណ្ដាប្រទេសអតីតសហភាពសូវៀតដូចជាប្រទេសអ៊ុយក្រែនជាដើម។

ដោយត្រូវបានសួរអំពីជំហររបស់លោកថាតើតំបន់ឧបទ្វីបគ្រីម៉េ គឺជាផ្នែកមួយរបស់អ៊ុយក្រែន ឬអត់ ឯកអគ្គរដ្ឋទូតចិន លោក លូ ស្ហាយឹ (Lu Shaye) បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍បារាំងកាលពីថ្ងៃសុក្រ ថាតំបន់នេះ គឺជាផ្នែកមួយរបស់រុស្ស៊ី និងត្រូវបានផ្ដល់ឲ្យអ៊ុយក្រែនដោយអតីតមេដឹកនាំសហភាពសូវៀត លោក Nikita Khrushchev។
លោក ស្ហាយឹ បានបន្ថែមថា បណ្ដាប្រទេសអតីតសហភាពសូវៀត ពុំមានឋានៈពិតប្រាកដ នៅក្នុងច្បាប់អន្តរជាតិទេ ព្រោះពុំមានកិច្ចព្រមព្រៀងជាអន្តរជាតិក្នុងការបង្កើតឋានៈអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសបារាំងបានឆ្លើយតបកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ពីសាមគ្គីភាពពេញលេញរបស់ខ្លួន ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដែលបានរងផលប៉ះពាល់ ដែលនិយាយថាខ្លួនទទួលបានឯករាជ្យ បន្ទាប់ពីការសង្កត់សង្កិនជាច្រើនទសវត្សរ៍មកនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា និយាយពីប្រទេសអ៊ុយក្រែន ប្រទេសនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងព្រំដែនរួមទាំងតំបន់គ្រីម៉េ កាលពីឆ្នាំ១៩៩១ ដោយសហគមន៍អន្តរជាតិទាំងមូល រួមទាំងចិនដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន នឹងត្រូវតែបញ្ជាក់ឲ្យច្បាស់ថាតើ ការអត្ថាធិប្បាយទាំងនោះ ឆ្លុះបញ្ចាំងពីជំហររបស់ខ្លួនឬអត់៕
