ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចត្រូវបានបំបែកឯតទគ្គកម្មលើពិភពលោក ជាអ្នកកាន់តំណែតនាយករដ្ឋមន្រ្តីយូរជាងគេ ខណៈតំណែងនេះ មានបុគ្គលខ្លះប្រាថ្នាចង់បានតែធ្វើទៅមិនរួច បើទោះបីជាជាតិក្រោយក៏មិនអាចដែរនោះ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានបុគ្គលខ្លះចង់ធ្វើធំជា«នាយករដ្ឋមន្រ្តី ប៉ុន្តែការប្រាថ្នារបស់បុគ្គលនោះមិនបានសម្រេចទៅបាន បើទោះបីជាទៅជាតិក្រោយក៏មិនអាចទៅរួចដែរ ខណៈតំណែងជានាយករដ្ឋមន្រ្តីនេះត្រូវបានប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនដល់សម្តេចជារៀងរហូតមកហើយនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសហាមមិនឲ្យអាជ្ញាធរ ធ្វើការយាមកាមតឹងរឹងពេកផងដែរ ពេលដែលសម្តេច និងក្រុមគ្រួសារធ្វើដំណើរកំសាន្តជាលក្ខណៈឯកជន ខណៈការការពារតឹងរឹងពេកបែបនេះនាំឲ្យរំខានដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕អត្ថបទ៖ បាន ចក់