អាមេរិក៖ ភាគហ៊ុនរបស់ធនាគារ First Republic Bank សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង២០%បន្ទាប់ពីបញ្ចប់ពេលវេលាជួញដូរកាលពីថ្ងៃចន្ទទី២៤មេសា បន្ទាប់ពីធនាគារផ្ដល់ប្រាក់កម្ចីមួយនេះ បាននិយាយថា ការដាក់ប្រាក់បញ្ញើ បានធ្លាក់ចុះជាង១០០ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសដំបូង ហើយខ្លួនកំពុងស្វែងរកជម្រើសផ្សេងៗ ដូចជា ការរៀបចំឡើងវិញនូវតារាងតុល្យការរបស់ខ្លួន។
ការធ្លាក់ចុះនៃប្រាក់បញ្ញើបានបង្កផលប៉ះពាល់លើប្រាក់ចំណេញដែលលើសពីការរំពឹងទុកសម្រាប់ធនាគារផ្តល់ប្រាក់កម្ចីកំពុងជួបបញ្ហាធ្ងន់ធ្ងរមួយនេះ ដែលត្រូវបានប៉ះពាល់ដោយសារការសម្រុកដកប្រាក់បញ្ញើចេញពីធនាគារធំៗ របស់សហរដ្ឋអាមេរិកកាលពីខែមុន បន្ទាប់ពីការដួលរលំរបស់ធនាគារផ្តល់ប្រាក់កម្ចីក្នុងតំបន់ចំនួនពីររបស់សហរដ្ឋអាមេរិក។
ធនាគារនេះគ្រោងនឹងកាត់បន្ថយការចំណាយដោយកាត់បន្ថយសំណងនាយកប្រតិបត្តិ រៀបចំកន្លែងការិយាល័យឡើងវិញ និងបញ្ឈប់បុគ្គលិកជិត២០ទៅ២៥ ភាគរយនៅក្នុងត្រីមាសទីពីរ។
ក្រុមហ៊ុននេះ ក៏មានបំណងបង្កើនការដាក់ប្រាក់បញ្ញើដែលមានការធានារ៉ាប់រងរបស់ខ្លួន និងកាត់បន្ថយប្រាក់កម្ចីពីធនាគារកណ្ដាលផងដែរ។
លោក Mike Roffler អគ្គនាយកក្រុមហ៊ុននេះ បាននិយាយក្នុងសន្និសីទព័ត៌មានតាមវីដេអូរយៈពេល១៥នាទី និងបានបញ្ចប់ដោយគ្មានសំណួរពីក្រុមអ្នកវិភាគថា យើងកំពុងចាត់វិធានការដើម្បីកាត់បន្ថយការចំណាយសមស្រមតាមហេតុផលដើម្បីភ្ជាប់ទៅនឹងការផ្ដោតលើការកាត់បន្ថយទំហំតារាងតុល្យការ៕
