ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការទិន្នន័យអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។

ការធ្វើអត្ថាធិប្បាយរបស់លោក Xi បានធ្វើឡើងនៅក្នុងសារអបអរសាទរទៅកាន់វេទិកាទិន្នន័យពិភពលោកលើកទី៤ របស់អង្គការសហប្រជាជាតិនៅទីក្រុង ហាងចូវ(Hangzhou) រដ្ឋធានីនៃខេត្ត ជើជាំង(Zhejiang) ប្រទេសចិនភាគខាងកើត ដែលបានគ្រោងធ្វើចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសា។
ដោយកត់សម្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាជម្រើសដែលមិនអាចជៀសបាន សម្រាប់ភាពរីកចម្រើន និងវឌ្ឍនភាពនៃសង្គមមនុស្ស លោក Xi បានគូសបញ្ជាក់ថា ការសម្រេចបាននូវការអភិវឌ្ឍសកលរឹងមាំ បៃតង និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារួមរបស់មនុស្សនៅជុំវិញពិភពលោក។
លោក Xi បាននិយាយថា ក្នុងនាមជាអ្នកគាំទ្រ និងជាអ្នកអនុវត្តនៃរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ប្រទេសចិនប្រកាន់ខ្ជាប់នូវចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍ ដែលកំពុងបង្ហាញពីការអភិវឌ្ឍឈានមុខ សម្របសម្រួល បៃតង បើកចំហ និងការអភិវឌ្ឍរួម។
លោក បានបន្ថែមថា ប្រទេសចិនតែងតែធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពង្រឹងទិន្នន័យ និងការកសាងសមត្ថភាពស្ថិតិ និងចែករំលែកយ៉ាងសកម្មនូវការអនុវត្ត និងបទពិសោធន៍របស់ខ្លួន ក្នុងការត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក Xi និយាយថា ប្រទេសចិន នឹងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីជួយអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈ «ការគ្រប់គ្រងទិន្នន័យ» ។

ប្រធានាធិបតី លោក Xi ក៏បានអំពាវនាវឱ្យមានការកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិឈ្នះ-ឈ្នះ និងបើកចំហ ក្នុងវិស័យទិន្នន័យ និងជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពរួមគ្នារបស់ប្រទេសទាំងអស់។
វេទិកានេះត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានសហការរៀបចំដោយការិយាល័យស្ថិតិជាតិរបស់ប្រទេស និងរដ្ឋាភិបាលខេត្ត Zhejiang ។