អ៊ីស្រាអែល ៖ ក្រុមនគរបាលអ៊ីស្រាអែល និយាយថា មនុស្ស ៥នាក់ បានរងរបួស ក្នុងហេតុការណ៍វាយប្រហារបើករថយន្តបំបុក ដោយជនប៉ាឡេស្ទីន នៅកណ្តាលទីក្រុងហ៊្សេរុយសាឡឹម ។ រថយន្តមួយគ្រឿងនេះ បានបើកបុកអ្នកថ្មើរជើងនៅជិតផ្សារដ៏មមាញឹក Machane Yehuda ។
ជនវាយប្រហារត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុដោយជនស៊ីវិល ។ ក្រុមនគរបាលនិយាយថា ជនវាយប្រហារគឺជាបុរសវ័យ ៣៩ឆ្នាំម្នាក់ មកពីតំបន់កាន់កាប់ហ៊្សេរុយសាឡឹមខាងកើត ។
ការវាយប្រហារមួយនេះ បានកើតមាន ស្របពេលដែលអ៊ីស្រាអែលចាប់ផ្តើមប្រារព្ធទិវាខួបអស្សាវរីយ៍សម្រាប់ទាហានពលី និងជនរងគ្រោះនៃការវាយប្រហារ និងស្ថិតក្នុងចំណោមថ្ងៃដ៏ឧឡារិកបំផុតនៅក្នុងប្រតិទិនបុណ្យជាតិអ៊ីស្រាអែល ។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ការវាយប្រហារបែបនេះ គឺជាការព្យាយាមមួយទៀតដើម្បីធ្វើឃាតពលរដ្ឋអ៊ីស្រាអែល ។
លោកបន្តថា ការវាយប្រហាររបស់ភេរវករទាំងនេះ ធ្វើឡើងដោយមានការរំពឹងថា ពួកគេនឹងអាចយកឈ្នះពួកយើងបាន ថាពួកគេនឹងអាចគាស់រំលើងពួកយើងពីទីនេះបាន ហើយបើសិនជាពួកគេអាច ពួកគេនឹងធ្វើឃាតពួកយើងទាំងអស់គ្នា ប៉ុន្តែពួកគេ មិនអាចយកឈ្នះពួកយើងបានទេ មានតែពួកយើងទេដែលនឹងយកឈ្នះពួកគេបាន ៕ ដោយ ៖ សារ៉ាត់

