រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក ផាប អ៊ីចាយ (Pap Ndiaye) ត្រូវបានពើបប្រទះជាមួយការតវ៉ាកាលពីថ្ងៃចន្ទនៅសាកលវិទ្យាល័យ INSPE របស់ទីក្រុងលីយ៉ុង (Lyon) ជាទីដែលក្រុមបាតុករ បានបិទទ្វារ និងបានប៉ះទង្គិចគ្នាជាមួយក្រុមមន្ត្រីនគរបាល។
ក្រុមប្រឆាំងនឹងច្បាប់កំណែទម្រង់សោធននិវត្តន៍ រួមជាមួយសមាជិកសហជីព និងក្រុមអ្នកចូលនិវត្តន៍ បានចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅខាងក្រៅសាកលវិទ្យាល័យនេះ កាលពីថ្ងៃរសៀលថ្ងៃចន្ទ។ ខណៈក្រុមអ្នកតវ៉ាបានទៅដល់ នគរបាលបានចូលធ្វើអន្តរាគមន៍ ដើម្បីរារាំងកុំឲ្យក្រុមបាតុករសម្រុកចូលក្នុងបរិវេណអគារនោះ។
ដំណើររបស់រដ្ឋមន្ត្រីរូបនេះត្រូវបានផ្អាកភ្លាមៗ។ កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីបារាំងEmmanuel Macron បានចុះហត្ថលេខាលើច្បាប់កំណត់អាយុចូលនិវត្តន៍ដ៏ចម្រូងចម្រាសពី៦២ ដល់៦៤ ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០៣០។
យោងតាមក្រសួងអប់រំ ដំណើរនេះ មិនត្រូវបានលុបចោលទេ តែបានរៀបចំឡើងវិញ បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលក្នុងអគារនោះ ។ នគរបាលបានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីរារាំងការរុលចូលរបស់ពួកគេ៕

