ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាង២០នាក់ ពាក់ព័ន្ធនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយជាង ៣០តោនត្រូវបានរឹបអូស និងដុតកម្ទេចចោលជាបន្តបន្ទាប់។
ថ្លែងប្រាប់ទូរទស្សន៍BTV បន្ទាប់ពីបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆាំ្ន២០២៣របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថា្នក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ ផលិតផលគ្រឿងសម្អាង ផលិតផលឧបភោគបរិភោគ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជាង ៣០តោន ក្នុងនោះផលិតផលឧបភោគបរិភោគចំនួន ១៣តោន និងប៊ីចេងចំនួន១៨តោន។
ជាមួយគ្នានោះដែរ ឯកឧត្តម មៀច សុផាន់ណា ក៏បានប្រាប់ដល់ទូរទស្សន៍BTVផងដែរថា ផលិត ផលដែលត្រូវរឹបអូសបានកាលពីកន្លងទៅ ជាបន្តបន្ទាប់នេះគឺសុទ្ធតែមានហានិភ័យខ្ពស់ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាច បង្ករគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដារ និងខ្លះទៀតហួស កាលបរិច្ឆេទ ដូចជាប្រហិត និងសាច់ចម្រុះជាដើម។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVផងដែរនោះ ឯកឧត្តម ប្រធាន គ.ប.ផ.ក. ក៏បានលើក ឡើងផងដែរថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផលក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបនូវឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះការសហការជាមួយនិងអាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមការងារនៅតែបន្តធ្វើដើម្បី សុខភាព របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីសន្តិសុខជាតិ ខណៈផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថា ជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំនោះ៕អត្ថបទ៖ បាន ចក់




