
នៅថ្ងៃពុធ ២៦ មេសានេះ អាជ្ញាធរជាតិកោះតៃវ៉ាន់ បាននិយាយថា សមយុទ្ធយោធា Han Kuang ប្រចាំឆ្នាំរបស់ដែនកោះនេះ នៅឆ្នាំនេះ នឹងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការបិទកោះ ព្រមទាំងរក្សាសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់ខ្លួន ដោយគិតតម្រូវទៅនឹងសមយុទ្ធយោធារបស់ចិន។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួននោះ បានធ្វើលំហាត់សមវាយប្រហារតម្រង់គោលដៅ និងការបិទច្រកនៅជុំវិញដែនកោះស្វ័យគ្រប់គ្រងនេះ នៅក្នុងខែនេះ។ សមយុទ្ធនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិក លោកKevin McCarthy ក្នុងទីក្រុង Los Angeles ។
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា សមយុទ្ធនេះ នឹងចែកចេញជាពីរផ្នែកគឺ សមយុទ្ធឆ្លើយតបក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ឧសភា និងចល័តកម្លាំងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា។
កោះតៃវ៉ាន់កំពុងព្យាយាមបង្កើនសមត្ថភាពការពាររបស់ខ្លួន ដោយការវិនិយោគលើគ្រឿងយុទ្ធោបករណ៍ថ្មីៗដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូនព្រមទាំងបង្កើនរយៈពេលសម្រាប់ទាហានបំពេញកាតព្វកិច្ចរហូតដល់មួយឆ្នាំ។

