នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម បានដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា បានមកដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនហើយ ដើម្បីដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញ នាព្រឹកនេះ តាមខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។
សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ នឹងទទួលការស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង៕





