ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកសក្តានុពលតំបន់ទន្លេមេគង្គជាខ្ទះអាហារដ៏សំខាន់របស់ប្រជាជនក្នុងតំបន់។
ថ្លែងប្រាប់BTV NEWS អំឡុងពេលដឹកនាំអ្នកសារព័ត៌មានក្នុងតំបន់ទន្លេមេគង្គ ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គ លើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត គិន ភា បានឲ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានទន្លេមគង្គលើកទី២នាពេលនេះ ឆ្លុះបញ្ចាំងឃើញថា អ្នកសារព័ត៌មានក្នុងតំបន់មេគង្គ បានស្វែងយល់ពីគ្នា សំដៅលើកកម្ពស់ការយល់ដឹងនិងស្វែងយល់អំពីប្រព័ន្ធនយោបាយ និងប្រព័ន្ធបោះឆ្នោត ដំណើរការប្រជាធិបតេយ្យ និងការរៀបចំការបោះឆ្នោតានៅប្រទេសក្នុង តំបន់មេគង្គ, ពិនិត្យមើលទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៃប្រទេសមេគង្គ ក៏ដូចជាពិនិត្យមើលក្របខណ្ឌកិច្ចសហប្រតិបត្តិការនានានៅតំបន់មេគង្គ រួមទាំងរបៀប វារៈនយោបាយ និងប្រតិបត្តិការសំខាន់ៗ។
លោកបណ្ឌិត គិន ភា ថ្លែងថា សិក្ខាកាមទាំងអស់មកពីតំបន់មេគង្គបានស្វែងយលទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដោយសារទឹកដែលធានានិរន្តរភាព គុណភាពទឹក ដើម្បីរក្សាគុណភាពសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ទន្លេមេគង្គ។
លោកបណ្ឌិត បានអំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមចំណែកទាំងអស់គ្នាផ្សព្វផ្សាយព័ត៌មានពីតំបន់ទន្លេមេគង្គ ដោយសារទន្លមគង្គជាប្រភពទឹកដ៏សំខាន់ដល់ប្រជាជនជាង ៥០០លាននាក់ រស់តាមដងទន្លេមេគង្គ ហើយទន្លេនេះជាខ្ទះអាហារដ៏ធំសម្រាប់ប្រជាជននៅតាមដងទន្លេមេគង្គ។
លោក រ៉ាន់ រើយ អ្នកសារព័ត៌មានមកពីក្នុងស្រុក PHNOM PENH Post បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជាការផ្សារភ្ជាប់រវាងអ្នកសារព័ត៌មានតំបន់ទន្លេមេគង្គ និងជាការលក្ខណៈបើកចំហរឲ្យអ្នកសារព័ត៌មានមកពីបណ្តាប្រទេសតំបន់មេគង្គស្គាល់ពីសក្តានុពលគ្រប់ប្រភេទរបស់កម្ពុជា។
ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះមានប្រវែងប្រហែល ៤,៩០០គីឡូម៉ែត្រ ដែលហូរចេញពីប្រភពរបស់វានៅលើខ្ពង់រាបទីបេ ក្នុងប្រទេសចិន កាត់តាមប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម តាមរយៈដីសណ្ដដ៏ធំចូលទៅក្នុងសមុទ្ទ។
តំបន់ដែលទន្លេហូរកាត់ត្រូវបានគេហៅថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ឬជាមហាអនុតំបន់ទន្លេមេគង្គ ដែលលាតសន្ធឹងលើប្រទេសចំនួន៦ គឺប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ វាជាតំបន់អន្តរប្រទេសនៃអាងទន្លេមេគង្គដែលមានប្រជាជនជាង ៣០០លាននាក់។ មហាទន្លេមេគង្គ មានធនធានធម្មជាតិ និងវប្បធម៌ដែលមិនអាចជំនួសបាន ហើយត្រូវបានចាត់ទុកថាជាតំបន់សម្បូរជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះ គឺជាកន្លែងផ្គត់ផ្គង់អាហារដ៏សំខាន់ផងដែរ៕








