អាមេរិក ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងចងទង់ជាតិកោះ Marshallនៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ដែលជាការរឹបអូស និងវាយប្រហារចុងក្រោយ និងជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្មនៅក្នុងដែនសមុទ្រអារ៉ាប់ ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB News បានរាយការណ៍នៅលើបណ្តាញព័ត៌មានសង្គមថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានរឹបអូសនាវាចងទង់ជាតិកោះ Marshall ប៉ុន្តែពួកគេ ពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បញ្ជាក់ថា នាវាមួយគ្រឿងនេះជានាវា Advantage Sweetដែលជានាវាដឹកប្រេងឆៅ Suezmax ដោយផ្អែកលើទិន្នន័យតាមដាននាវា Refinitiv និងជួលដោយក្រុមហ៊ុនប្រេង Chevron ហើយនិងបានចូលចតលើកចុងក្រោយនៅប្រទេសគូវែត ។
អ្នកគ្រប់គ្រងនាវាដែលត្រូវបានចុះបញ្ជី ជាក្រុមហ៊ុន Genel Denizcilik Nakliyati AS គឺក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសទួរគី ដែលពុំបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំសេចក្តីអធិប្បាយ ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយទៀតថា ការយាយីនាវានៅតែបន្តរបស់អ៊ីរ៉ង់ និងការជ្រៀតជ្រែកសិទ្ធិនាវាចរណ៍ ក្នុងដែនទឹកក្នុងតំបន់ គឺជាគំរាមកំហែងមួយដល់សន្តិសុខសមុទ្រ និងសេដ្ឋកិច្ចសកល ។ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ អ៊ីរ៉ង់បានរឹបអូសដោយខុសច្បាប់ នាវាពាណិជ្ជកម្មយ៉ាងហោច ៥គ្រឿងនៅតំបន់មជ្ឈិមបូព៌ា ៕ ដោយ ៖ សារ៉ាត់



