
ហ្វូងអ្នកដំណើរបានទៅស្ថានីយរថភ្លើង Hongqiao នៃទីក្រុងសៀងហៃនៅថ្ងៃសុក្រ (២៨ មេសា)នេះ ខណៈប្រទេសចិនត្រៀមសម្រាប់ការធ្វើដំណើរដ៏មមាញឹកបំផុតសម្រាប់វិស្សមកាលទិវាពលកម្មចុងសប្តាហ៍នេះ។
អ្នកដំណើរម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា "ខ្ញុំមានអារម្មណ៍ថាមានមនុស្សច្រើនណាស់នៅទីនេះនៅថ្ងៃនេះ។ មនុស្សភាគច្រើនធ្វើដំណើរទៅផ្ទះឬដើរកម្សាន្ត" ខណៈអ្នកធ្វើដំណើរម្នាក់ទៀតបាននិយាយថាការទិញបានសំបុត្ររថភ្លើងគឺមានការលំបាកជាខ្លាំង។
ក្រុមអាជ្ញាធរកំពុងរំពឹងថាការធ្វើដំណើរចំនួន១៩លានដំណើរ នឹងត្រូវធ្វើឡើងទូទាំងបណ្តាញផ្លូវដែកដ៏ធំរបស់ប្រទេសចិននៅថ្ងៃសៅរ៍ (២៩ មេសា) ដែលជាថ្ងៃដំបូងនៃការឈប់សម្រាករយៈពេល ៥ថ្ងៃ ហើយក៏ជាតួលេខខ្ពស់បំផុតនៃការធ្វើដំណើរតាមផ្លូវដែកធ្វើឡើងក្នុងមួយថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
លទ្ធផលនេះប្រៀបធៀបទៅនឹងការធ្វើដំណើរតាមផ្លូវដែកចំនួន ៤,៤លានដំណើរ កាលពីថ្ងៃទី១ ខែឧសភាឆ្នាំមុន នៅពេលដែលប្រទេសចិន បានបិទខ្ទប់ទីក្រុងជាច្រើនរួមទាំងទីក្រុងសៀងហៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ហើយកម្រិតខ្ពស់បំផុតចុងក្រោយនៃការធ្វើដំណើរមានចំនួន ១៨,៨ លានដំណើរនៅថ្ងៃតែមួយ ក្នុងឆ្នាំ២០២១។