ភ្នំពេញ ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការរៀបចំគ្រប់បែបយ៉ាង សម្រាប់ការប្រកួងប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺក្រុមការងារបានរៀបចំរួចរាល់អស់ហើយ ខណៈការប្រកួតមុនគេគឺក្រុមបាល់ទាត់ U22 កម្ពុជា ត្រូវប្រកួតស្វាគមន៍ជាមួយ U22 ទីម័រខាងកើតនាយប់ថ្ងៃទី២៩ ខែមេសាស្អែកនេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាស សន្នីសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ «ស៊ីហ្គេម» នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាឱកាសបង្ហាញពីវប្បធម៌ អារិយ្យធម៌របស់កម្ពុជាទៅកាន់ពិភពលោក។ ចំណែកការទទួលបានមេដាយពីការប្រកួតចំនួនប៉ុន្មានៗនោះមិនមែនជាការសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះទេ។
សម្ដេចពិជ័យសេនាបានឱ្យដឹងថា ប្រតិភូកីឡា និងក្រុមកីឡាករកីឡាការិនីមកពីបណ្ដាប្រទេសនានាបានស្ងើចសរសើរចំពោះការរៀបចំ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា ជាពិសេសបានរៀបចំម្ហូបអាហារសំបូរបែប និងមានរសជាតិឆ្ងាញ់ក្នុងការទទួលប្រតិភូកីឡា និងកីឡាករកីឡាការិនី។
ក្នុងឱកាសន្និសីទសារព័ត៌មាននេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រវិស័យកីឡាចូលរួម រក្សាភាពថ្លៃថ្នូរ និងកិត្តិយសជាតិ នាឱកាសការប្រកួតកីឡានីមួយៗ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣នេះ។
សម្ដេច ទៀ បាញ់ បញ្ជាក់ថា គណៈកម្មាធិការ CAMSOC បានរៀបចំទីតាំងមួយចំនួនសម្រាប់ទទួលកីឡាករ កីឡាករិនី និងប្រតិភូកីឡា ក្នុងនោះមាន ភូមិកីឡា និងរៀចំសណ្ឋាគារលំដាប់ផ្កាយ ៤-៥ ចំនួន ១១ សណ្ឋាគារផងដែរ ខណៈមានប្រតិភូកីឡាមកពីបណ្ដាប្រទេសនានាជាង ១២ ០០០ នាក់៕