
នៅថ្ងៃសុក្រ (២៨មេសា)នេះ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនមិនបានដឹងអំពីដំណើរចុះពិនិត្យរបស់នគរបាលទៅកាន់ការិយាល័យរបស់ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកគ្រប់គ្រង Bain & Company របស់សហរដ្ឋអាមេរិក នៅឯទីក្រុងសៀងហៃ នៅពេលដែលត្រូវបានសួរនាំអំពីរបាយការណ៍នៃដំណើរពិនិត្យនោះ។
អ្នកនាំពាក្យក្រសួងលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ក្រុមហ៊ុនទាំងអស់ ត្រូវបានស្វាគមន៍ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Bain បាននិយាយកាលពីថ្ងៃពុធ (២៦ មេសា) ថា នគរបាលចិនបានចុះទៅសួរនាំបុគ្គលិកនៅទីនោះដោយមិនបានបញ្ជាក់ពីហេតុផលនោះទេ។
សារព័ត៌មាន Financial Times ដែលសំអាងដល់សម្តីអ្នកដែលគេរាយការណ៍ប្រាប់អំពីដំណើរចុះពិនិត្យដ៏ភ្ញាក់ផ្អើលកាលពី ២សប្តាហ៍មុននោះ បានរាយការណ៍កាលពីថ្ងៃពុធថា នគរបាលបានទៅកាន់ក្រុមហ៊ុន Bain ច្រើនជាងមួយលើក ដោយបានដកហូតកុំព្យូទ័រនិងទូរស័ព្ទមួយចំនួន ប៉ុន្តែមិនបានឃាត់ខ្លួនបុគ្គលិកណាម្នាក់ទេ ហើយគោលបំណងនៃការដកហូតនេះក៏មិនត្រូវបានបញ្ជាក់ភ្លាមៗនោះដែរ។