ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសថា កងកម្លាំងប្រទេសទួរគី បានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមដែលសង្ស័យនៅក្នុងប្រទេសស៊ីរី។ លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា បានគ្រប់គ្រងក្រុមនេះបន្ទាប់ពីអ្នកគ្រប់គ្រងមុនត្រូវបាន សម្លាប់កាលពីសរទរដូវមុន។

លោក Erdogan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TRT របស់ទួរគី ថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងារចារកម្ម MIT របស់ទួរគី កាលពីថ្ងៃសៅរ៍។ រហូតមកដល់ពេលនេះ ក្រុមរដ្ឋអ៊ីស្លាម ពុំបានធ្វើការអត្ថាធិប្បាយណាមួយ លើប្រតិបត្តិការដែលបានរាយការណ៍នេះទេ។

ប្រព័ន្ធផ្សព្វផ្សាយ BBC ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ ចំពោះការអះអាងរបស់លោកប្រធានាធិបតី Erdogan ឡើយ។ លោក Erdogan និយាយថាទីភ្នាក់ងារចារកម្ម MIT បានតាមដានលោក Qurayshi ជាយូរមកហើយ ហើយយើងនឹងបន្តការប្រយុទ្ធរបស់យើងប្រឆាំងនឹងអង្គការភេរវកម្មមួយនេះ ដោយគ្មានការអត់ឱនណាមួយឡើយ។
ប្រភពព័ត៌មានពីប្រទេសស៊ីរី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងនៅទីក្រុង Jandaris ភាគខាងជើង ជិតព្រំដែនប្រទេសទួរគី។
កាលពីខែវិច្ឆិកា ក្រុមជីហាត បានប្រកាសពីការស្លាប់របស់មេដឹកនាំខ្លួន លោក the Abu al-Hassan al-Hashemi al-Qurayshi ។ សហរដ្ឋអាមេរិក បាននិយាយថា លោកត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដោយកងទ័ពស៊ីរីសេរីជាក្រុមឧទ្ទាម នៅប្រទេសស៊ីរីភាគនិរតី កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២២។
នៅពេលក្រុមរដ្ឋអ៊ីស្លាម បានគ្រប់គ្រងដែនដី ៨៨.០០០គីឡូម៉ែត្រក្រឡា ដែលលាតសន្ធឹងពីប្រទេស៊ីរី ភាគឦសានដល់ប្រទេសអ៊ីរ៉ាក់ភាគខាងជើង ក្រុមនេះបានដាក់ច្បាប់ដ៏ឃោរឃៅ លើប្រជាជនជិត៨លាននាក់។