
សកម្មជនហ្វីលីពីនរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ានីលនៅថ្ងៃចន្ទ (១ ឧសភា) នេះ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ និងអំពាវនាវឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល និងការគិតគូរដល់កម្មករឱ្យកាន់តែប្រសើរឡើង។
ក្រុមសកម្មជនបានកាន់បដា និងស្រែកពាក្យស្លោកនៅឯការជួបជុំមួយនៅជិតវិមានប្រធានាធិបតី ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៥៧០ ប៉េសូ (១០,៥០ ដុល្លារ) ក្នុងមួយថ្ងៃ និងកំណែលម្អអត្ថប្រយោជន៍ដែល កំពុងត្រូវបានទទួលដោយកម្មករដែលជួបការលំបាក។
អ្នកស្រី Joms Salvador សកម្មជនមកពីក្រុមសិទ្ធិស្ត្រី Gabriela បាននិយាយថា "ពួកយើងមានអ្នកធ្វើការដែលព្យាយាមរកចំណូលយ៉ាងសកម្មសម្រាប់ត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទាំងត្រដាបត្រដួស ហើយរដ្ឋាភិបាលនៅតែមិនបញ្ចេញសកម្មភាពធំៗណាមួយដើម្បីកាត់បន្ថយវិបត្តិនេះទាល់តែសោះ" ។
ទិវាពលកម្មអន្តរជាតិ ឬហៅម្យ៉ាងទៀតថា ទិវាពលកម្ម ត្រូវបានប្រារព្ធឡើងតាមទម្លាប់នៅថ្ងៃទី១ ខែឧសភា ដើម្បីគោរពដល់អ្នកធ្វើការងារប្រើកម្លាំងនិងបង្ហាញពីសារៈសំខាន់របស់កម្មករនៅក្នុងកម្លាំងពលកម្មនៅជុំវិញពិភពលោក។
