ព្រះសីហនុ៖ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) ជាមួយនិងក្រុមប្រតិភូកីឡាករ កីឡាកានីទាំង ០៦ប្រទេស កំពុងមមាញឹករៀបចំត្រួតពិនិត្យឧបករណ៍ សម្ភារៈកីឡាសម្រាប់ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេហ៍ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សិទ្ធរិទ្ធិពង្ស ប្រាប់ថា "ការប្រកួតកីឡាទូកក្តោង នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ត្រូវបាននិងកំពុងរៀបចំបានស្ទើរ ១០០ភាគរយ សម្រាប់ចាប់ផ្តើមការប្រកួតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតប្រាំងកីឡាទូកក្តោងរួច ការប្រកួតប្រណាំងកីឡាម៉ូតូទឹក (Jet Ski) នឹងចាប់ផ្តើមបន្ត។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ គឺជាកិត្ដិយសមុខមាត់ប្រទេសជាតិ និងខេត្ដព្រះសីហនុ ដែលជាង ៦០ឆ្នាំ មិនធ្លាប់មាន ហើយព្រឹត្ដិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។ ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បានកំណត់ជ្រើសរើសយកជាទីតាំងសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេហ៍ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ០៣ប្រភេទ គឺ១.កីឡាទូកក្ដោង និងកីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ (បន្ទប់ទឹកសាធារណៈទី១១)។ ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសមានសន្ដិភាព មានការវិអភិវឌ្ឍ បានផ្ដល់ទំនុកចិត្ដដល់វិនិយោគិនពីបណ្ដាប្រទេស ពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលមកដាក់ទុនវិនិយោគ និងបានជ្រើសរើសយកប្រទេសកម្ពុជា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះ សូមពលរដ្ឋនៅខេត្ដព្រះសីហនុចូលរួមគាំទ្រ និងទស្សនាឱ្យបានច្រើន ក្នុងការលើកទឹកចិត្ដដល់កីឡាករ កីឡាការិនីឱ្យទទួលបានជោគជ័យ និងមេដាយច្រើន៕





