ស៊ូដង់៖ វីដេអូថតដោយយានដ្រូន ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្សែងខ្មួលខ្មាញ់ហុយឡើងនៅលើរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ។
កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៣នៅទ្វីបអាហ្វ្រិក អាចបង្ខំឲ្យប្រជាជន៨សែននាក់រត់ភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង។ អ្នកសម្របសម្រួលមនុស្សធម៌អង្គការសហប្រជាជាតិរបស់ប្រទេសស៊ូដង់ លោក Abdou Dieng បានព្រមានអំពីការបំផ្លាញទាំងស្រុង៕ ដូចអ្នកដឹងហើយ វាមានរយៈពេលជាង២សប្តាហ៍នៃការប្រយុទ្ធគ្នាដ៏មហន្តរាយនៅក្នុងប្រទេសស៊ូដង់ ជាជម្លោះដែលកំពុងតែប្រែក្លាយវិបត្តិមនុស្សធម៌នៅស៊ូដង់ទៅជាការបំផ្លាញទាំងស្រុង។ មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ក្នុងការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងរវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ឬ RSF កាលពីពាក់កណ្តាលខែមេសា។ រដ្ឋាភិបាលបរទេស បានមកជម្លៀសប្រជាជនរបស់ខ្លួនជាង១សប្តាហ៍កន្លងទៅនេះ ក្នុងប្រតិបត្តិការតាមផ្លូវអាកាស តាមសមុទ្រ និងតាមដីគោកជាបន្តបន្ទាប់។

ជនស៊ីវិលស៊ូ ដង់រាប់សែននាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ដែលកំពុងបង្កើនក្តីបារម្ភពីវិបត្តិដែលអាចធ្វើឲ្យមានអស្ថិរភាពធ្ងន់ធ្ងរ។ ជនស៊ីវិលបន្តភៀសខ្លួនពីការប្រយុទ្ធ ហើយភាគច្រើនក្នុងចំណោមអ្នកភៀសខ្លួន បានស្វែងរកទីជម្រកក្នុងតំបន់នានារបស់ប្រទេសនេះក្នុងតំបន់មិនបានទទួលរងផលប៉ះពាល់ច្រើនដោយជម្លោះ។ ផលប៉ះពាល់រាលដាលក្នុងតំបន់ចំពោះវិបត្តិនេះគឺជាក្តីបារម្ភធ្ងន់ធ្ងរ។
មេបញ្ជាការកងទ័ពស៊ូដង់ និងប្រមុខកងកម្លាំងគាំទ្ររហ័ស(RSF) បានគ្រប់គ្រងរដ្ឋាភិបាលរួមគ្នា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែបានកើតមានជម្លោះការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិលតាមផែនការ។ កាលពីថ្ងៃអាទិត្យ ភាគីទាំងពីរ បានព្រមព្រៀង បន្ថែមពេលបទឈប់បាញ់រយៈពេល៧២ម៉ោង ហើយអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេអាចផ្អាកការចរចាបទឈប់បាញ់ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែបទឈប់បាញ់នោះ អាចត្រូវបានរំខានដោយការបាញ់កាំភ្លើង និងកាំភ្លើងធំ៕
