ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចជាតិកាន់តែរស់រវើក អំពីតម្រូវការ និងការផ្គត់ផ្គង់ ខណៈរដ្ឋាភិបាលត្រៀមកញ្ចប់ចំណាយលើព្រឹត្តិការណ៍ ស៊ីហ្គេម ប្រមាណ២០០លានដុល្លារម៉េរិក។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំមកនូវកិត្តិយស ការរឹតចំណងមិត្តភាព និងសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយមានភាពអំណោយផលគ្រប់បែបយ៉ាង និងកំពុងផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ។
ឧកញ៉ា បានបន្តថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើន បានបង្ហាញឲ្យឲ្យពិភពលោកស្គាល់កម្ពុជាកាន់ខ្លាំង, ចំណែកទាក់ទងវិស័យវិនិយោគវិញ រំពឹងថា កម្ពុជានឹងស្រូបយកការវិនិយោគកាន់តែច្រើន មកបណ្តាក់ទុនរកស៊ី នៅកម្ពុជាបន្ថែមទៀត។
ជុំវិញព្រឹត្តិការណ៍នេះដែរ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជានឹងទទួលបាននូវផលចំណេញជាច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ខណៈការប្រកួតកីឡានេះមានការចូលរួមពីប្រទេសអាស៊ាន និងមានភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសជាច្រើនទៀត បានស្គាល់ពីកម្ពុជា ។
នាពេលអនាគត កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនលើសលុប តាមរយៈការទាក់ទាញអ្នកវិនិយោគ រួមទាំងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ខណៈដែលប្រទេសដ៏ទៃៗទៀតមិនអាចធ្វើដូចកម្ពុជាបាន។
សូមរំលឹកថា នាពេលកន្លងមកនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណជា ២០០ លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្នុងនោះថវិកាទាំងអស់ គឺកម្ពុជាមិនគិតដល់ការចំណាយ លើការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោប្រហែល ៣០ លានដុល្លារអាមេរិកបន្ថែមទៀតនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី,