ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្វាគមន៍ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.នៅសេតវិមានកាលពីថ្ងៃចន្ទ ដោយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងព្រមព្រៀងចំពោះគោលការណ៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើង ដោយគូសបញ្ជាក់ពីភាពបត់បែនដ៏អស្ចារ្យ ក្នុងទំនាក់ទំនងអាមេរិក-ហ្វីលីពីន រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។

គោលកាណ៍ទំាងនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការយោធា នៅទូទំាងដីគោក សមុទ្រ ដែនអាកាស អវកាស និងលំហបច្ចេកវិទ្យាអ៊ីនធើណិត ខណៈរដ្ឋបាលសហរដ្ឋអាមេរិក នឹងផ្ទេរយន្តហោះC-130 ចំនួន៣គ្រឿង និងសម្លឹងទៅរកការបញ្ជូននាវាល្បាតបន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន។ ក្រុមមន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក Biden នឹងបញ្ជាក់ជាថ្មី អំពីសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ឆ្នាំ១៩៥១ ដែលអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើសកម្មភាពក្នុងករណីនៃការវាយប្រហារប្រដាប់អាវុធមកលើយោធាប្រទេសហ្វីលីពីន។

ជំនួបកំពូលនេះ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Marcos នៅសហរដ្ឋអាមេរិក រយៈពេល៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងជាលើកដំបូង ដោយប្រធានាធិបតីហ្វីលីពីន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។
លោក Marcos បានក្លាយជាប្រធានាធិបតី កាលពីឆ្នាំទៅ និងបានស្វែងរកទំនាក់ទំនងដ៏កក់ក្តៅ ជាមួយប្រទេសទាំងពីរគឺសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងប្រជែងគ្នាសម្រាប់ឥទ្ធិពលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ស្ថិតនៅក្រោមរបបលោក Rodrigo Duterte ជាអ្នកកាន់តំណែងមុនលោកMarcos ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក មានភាពល្អក់កករ ខណៈលោកបង្វែររប្រទេសហ្វីលីពីនចេញពីអតីតម្ចាស់អាណានិគម ហើយកសាងទំនាក់ទំនងដ៏ជិតស្និតជាមួយប្រទេសចិន។ ប៉ុន្តែដោយប្រជាជនហ្វីលីពីនភាគច្រើន បានខកចិត្តចំពោះសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង រួមទាំងការរំខានដល់នាវានិងក្រុមអ្នកនេសាទហ្វីលីពីននៅតំបន់ជាច្រើននៅសមុទ្រនេះដែលប្រទេសទាំងពីរបានអះអាងសិទ្ធ ការគាំទ្រដ៏ពេញនិយមពីប្រជាពលរដ្ឋបានកើនឡើងសម្រាប់ជំហរដ៏តឹងរ៉ឹងចំពោះទីក្រុងប៉េកាំង។