អគ្គនាយ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានស្នើដល់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើកិច្ចការងារក្នុងសង្គម ជាពិសេសទាក់ ទងនិងកុមារ សូមកុំយករឿងនយោបាយមកលាយឡំ ហើយប្រសិនលោកមើលឃើញថា អង្គការនោះយករឿងកុមារ និងសង្គមមកពាក់ព័ន្ធនយោបាយនោះ លោកនឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន។
នៅក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីបន្ត រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវិនីតិសម្បទាជាមួយនិងអង្គការចំនួន២២ទាក់ទង និងកិច្ចការពារកុមារ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៣នេះ លោក តូច ចាន់នី បានលើកឡើងថា អង្គការខ្លះបានធ្វើកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល ថាជួយរាជរដ្ឋាភិបាលក្នុងកិច្ចការពារសង្គម និងកុមារ ប៉ុន្តែពួកគេបែជាយកកុមារធ្វើជាឡេសវាយប្រហារ ដល់រដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយរបស់ពួកផងខ្លួនទៅវិញ។
លោកតួច ចាន់នីបានលើកឡើងថា រដូវនេះគឺជារដូវនយោបាយ ហើយលោកតែងតែលើកនូវគ្រប់កម្មវិធីដោយរំលឹកដល់អង្គការដៃគូទាំងអស់ ដែលធ្វើកិច្ចការងារសង្គមសូមកុំយករឿងនយោបាយមកលាយឡំជាមួយរឿងសង្គម ដោយបញ្ហានេះលោកបានមើលឃើញអង្គការមួយចំនួនហើយដែលធ្វើបែបនេះ។ លោកបានបញ្ជាក់ថា ការធ្វើនយោបាយរបស់បុគ្គលគឺជាសិទ្ធរបស់ពួកគេ ហើយការស្រលាញ់គណ បក្សណាមួយគឺជាសិទ្ធិរបស់គេដែរ ប៉ុន្តែសូមកុំយករឿងក្មេងៗជួបបញ្ហាបន្តិចបន្ទួចយកមកបង្ហោះ និងធ្វើរបាយការណ៍ ដោយចោទប្រកាន់រាជរដ្ឋាភិបាលមិនអើពើ និងមិនគិតគួរដល់ពួកគេ ដោយការធ្វើបែបនេះគឺ វាខុសពីវិជ្ជាជីវៈដែលយើងបានព្រមព្រៀងជាមួយគ្នានោះ។
លោកតូច ចាន់នី បានសង្កត់ធ្ងន់ថា« សូមកុំយករឿងបែបនេះមកកេងចំណេញនយោបាយខ្លួនឯង គឺមិនអាចនោះទេ ប្រសិនបើខ្ញុំដឹង និងរកឃើញ ខ្ញុំនឹងចាត់វិធានការហើយ…តែយ៉ាងណាយើងបានរក ឃើញមួយចំនួនហើយដោយគាត់បានយករូបកូនក្មេងដែលជួបការលំបាក យកមកថតបង្ហោះ ដោយបានចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់ក្មេងៗ ទាំងនោះទេ ហើយខណៈដែលគាត់ថតក្មេង ជនពិការ និងជនអនាថាទាំងនោះមកបង្ហោះគឺមិនបានបិទមុខ ដល់ពួកគេនោះទេ ដែលនេះបានធ្វើឲុ្យមានការប៉ះពាល់ដល់ជីវិតឯកជនរបស់ក្មេងៗទាំងនោះផងដែរ»។
លោកបានបន្តទៀតថា ការលើកឡើងរបស់លោកបែបនេះគឺមិនមែនជាការគំរាមកំហែង ដល់អង្គ ការណានោះទេ ប៉ុន្តែលោកធ្វើនេះគឺស្រប់ទៅតាមការព្រមព្រៀងគ្នារបស់អង្គការទាំងនោះជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតែប៉ុណ្តោះ៕









