យន្តហោះប្រយុទ្ធរបស់អ៊ីស្រាអែល បានវាយលុកលើគោលដៅនៅទូទាំងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹងការបាញ់ស្រោចដោយគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ដោយក្រុមជីវពលកាលពីពេលដំបូងនៅពេលថ្ងៃបន្ទាប់ពីការស្លាប់របស់កូដករបង្អត់អាហារប៉ាឡេស្ទីនម្នាក់ នៅក្នុងមន្ទីរឃុំឃាំងអ៊ីស្រាអែល។

ផ្សែងខ្មួលខ្មាញ់ បានហុយឡើងទៅលើអាកាសនៅពេលយប់ ខណៈយន្តហោះប្រយុទ្ធ បានវាយលុកលើគោលដៅជាច្រើន រួមទំាងជំរំហ្វឹកហាត់របស់ក្រុមហាម៉ាស់ ជាក្រុមអ៊ីស្លាមនិយម ដែលគ្រប់គ្រងតំបន់ព័ទ្ធជុំវិញឆ្នេរ។
នៅពេលជាមួយគ្នានេះដែរ ស៊ីរ៉ែន បានរោទិ៍ឡើង នៅជិតទីក្រុង Sderot ប្រទេសអ៊ីស្រាអែលភាគខាងត្បូង និងតំបន់ផ្សេងៗទៀត នៅជុំវិញតំបន់ហ្គាហ្សា ខណៈវិទ្យារបស់ក្រុមហាម៉ាស់ បានរាយការណ៍ថា ក្រុមជីវពល កំពុងបន្តការទម្លាក់គ្រាប់បែករបស់ពួកគេលើគោលដៅប្រទេសអ៊ីស្រាអែល។
នៅក្នុងតំបន់ហ្គាហ្សា ក្រុមគាំទ្ររបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមមាន ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម បានអះអាងទទួលខុសត្រូវសម្រាប់ការបាញ់ស្ទាក់គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ ដែលបានបាញ់ឆ្ពោះទៅរកប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលថ្ងៃ។
យោធាអ៊ីស្រាអែល និយាយថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែត២៦គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា។ ២គ្រាប់ បានធ្លាក់នៅទីក្រុង Sderot បណ្តាលឲ្យមនុស្ស៣នាក់រងរបួស រួមទាំង ជនបរទេសអាយុ២៥ឆ្នាំម្នាក់ ដែលអង្គភាពសេវារថយន្តសង្គ្រោះអ៊ីស្រាអែល និយាយថាបានរងរបួសធ្ងន់ដោយកអំបែងគ្រាប់។
ការប្រយុទ្ធគ្នានេះ មានរយៈពេលប្រហែលមួយខែ បន្ទាប់ពីមានការបាញ់តបតគ្នាឆ្លងកាត់ព្រំដែន រវាង អ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដែលបានកើតឡើងបន្ទាប់ពី ការស្លាប់របស់ Khader Adnan សមាជិកជាន់ខ្ពស់របស់ក្រុមជីហាតអ៊ីស្លាម ដែលបានស្លាប់បន្ទាប់ពីរយៈពេល៧ថ្ងៃ នៃកូដកម្មបង្អត់អាហារ៕