
គណបក្សកាន់អំណាចរបស់ប្រទេសប៉ារ៉ាហ្គាយ បានឈ្នះឆ្នោតសម្រាប់រយៈពេលប្រាំឆ្នាំទៀត ដើម្បីគ្រប់គ្រងប្រទេសនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី៣០ ខែមេសា កាលពីថ្ងៃអាទិត្យ ជាមួយនឹងការនាំមុខដ៏ច្រើនសម្រាប់តំណែងប្រធានាធិបតីក៏ដូចជាការបង្ហាញពីកម្លាំងខ្លាំងនៅក្នុងសភា។
លោក Santiago Pena បានឈ្នះ ៤៣% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ (៣០ មេសា) ធៀបនឹង ២៧% នៃបេក្ខជនបន្ទាប់គឺលោក Efrain Alegre ។ បេក្ខជនស្តាំនិយមលោក Paraguayo Cubas ដែលបានធ្វើឱ្យអ្នកសង្កេតការណ៍ភ្ញាក់ផ្អើលតាមរយៈឈ្នះសំឡេងឆ្នោតជិត២៣% បានអំពាវនាវដោយបង្ហោះនៅលើបណ្ដាញសង្គម Instagram ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ និងបានសុំឱ្យអ្នកគាំទ្ររបស់លោកចេញតវ៉ា។
អង្គការនៃបណ្តារដ្ឋទ្វីបអាមេរិក (OAS) បាននិយាយកាលពីថ្ងៃអង្គារថា បេសកកម្មសង្កេតការបោះឆ្នោតរបស់ខ្លួន មើលឃើញថាគ្មានហេតុផលណាមួយដើម្បីដាក់ការសង្ស័យលើលទ្ធផលបោះឆ្នោតរបស់ប្រទេសប៉ារ៉ាហ្គាយនោះទេ៕