ស៊ែរប៊ី៖ ក្មេងជំទង់អាយុ១៣ឆ្នាំម្នាក់ បានបាញ់សម្លាប់សិស្សសាលាចំនួន៨នាក់ និងឆ្មាំសន្តិសុខម្នាក់ នៅក្នុងសាលារៀន បែលក្រាដ (Belgrade school) កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារគ្រោងទុក ដែលជំរុញឲ្យប្រធានាធិបតី របស់ប្រទេសស៊ែរប៊ី ប្រកាសបង្កើនការរឹតត្បិតកាន់តែតឹងរ៉ឹងថែមទៀតលើសិទ្ធិប្រើប្រាស់អាវុធ។
នគរបាលនិយាយថា ដោយប្រើកាំភ្លើងខ្លី២ដើមរបស់ឪពុកគេ ក្មេងប្រុសនេះ បានបាញ់សន្តិសុខ និងក្មេងស្រី៣នាក់ មុនគេ នៅក្នុងសាលប្រជុំ ហើយក្រោយមកបានបាញ់គ្រូបង្រៀន និងមិត្តរួមថ្នាក់របស់គេអំឡុងពេលកំពុងរៀនមេរៀនប្រវត្តិសាស្ត្រ ។

គ្រូបង្រៀនម្នាក់ និងសិស្ស៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមួយចំនួនទៀតរងបួសតែមិនគំរាមកំហែងដល់អាយុជីវិតទេ។
សិទ្ធិប្រើប្រាស់អាវុធ កាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសស៊ែរប៊ី ដែលបានមើលឃើញ ការបាញ់ប្រហារសម្លាប់រង្គាលមួយចំនួនកាលពីជាងមួយទសវត្សរ៍មុន ហើយលោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា ការត្រួតពិនិត្យនឹងត្រូវបង្កើនថែមទៀត។
លោក Vucic បានប្រាប់ក្រុមអ្នកសារព័ត៌មានថាខ្មាន់វាយប្រហារ ដែលបានប្រគល់ខ្លួនឲ្យនគរបាល និងមានអាយុ១៣ឆ្នាំ គឺជាអាយុក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌរបស់ស៊ែរប៊ី នឹងត្រូវឃុំខ្លួនក្នុងវិទ្យាស្ថានព្យាបាលមនុស្សវិកលចរិត ដោយបន្ថែមថា ទាំងឪពុក ទាំងម្ដាយរបស់គេត្រូវបានចាប់ខ្លួន ។

ខណៈប្រទេសស៊ែរប៊ី ត្រៀមកាន់មរណទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងបែលក្រាដ ដើម្បីកាន់ទុក្ខ ជាមួយគ្រួសារជនរងគ្រោះកាលពីថ្ងៃពុធ ដោយអ៊ុចទាន និងដាក់ផ្កានៅខាងមុខសាលារៀនជាទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មិត្តរួមថ្នាក់របស់គេ៕