រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Bliken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចូលរួមជាមួយប្រទេសស៊ីរី តាមរយៈការប្រាស្រ័យទាក់ទងមួយប្រទេសទី៣ ដើម្បីព្យាយាមនាំយកអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួន លោក Austin Tice ត្រលប់មកប្រទេសវិញ។

លោក Bliken បាននិយាយនៅក្នុងព្រឹត្តិការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកថា យើងបានចូលរួមយ៉ាង ទូលំទូលាយទាក់ទងនឹងលោក Austin ដោយចូលរួមជាមួយប្រទេសស៊ីរី ទាក់ទងជាមួយប្រទេសទី៣ ព្យាយាមស្វែងរកវិធីដើម្បីឲ្យលោក Austin Tice បានត្រលប់មកប្រទេសវិញ ហើយយើងនឹងមិនបង្អែបង្អង់នោះទេរហូតដល់យើងធ្វើវាបាន។
លោក Austin Tice ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងប្រទេសស៊ីរី ក្នុងឆ្នាំ២០១២។ ប្រធានាធិបតី លោក Joe Biden បានប្រកាសកាលពីឆ្នាំមុនថា រដ្ឋាភិបាលអាមេរិក ដឹងច្បាស់ថា លោក Austin Tice ត្រូវបានឃុំខ្លួនដោយរបបប្រទេសស៊ីរី និងបានអំពាវនាវឲ្យទីក្រុងដាម៉ាស់ សហការលើកិច្ចប្រឹងប្រែងដើម្បីដោះលែងលោក។ រដ្ឋាភិបាលរបស់មេដឹកនាំស៊ីរី លោក Bashar al-Assad ពុំបានទទួលស្គាល់ជាសាសធរណៈថាពួកគេកំពុងឃុំខ្លួន លោក Tice នោះទេ។ សហរដ្ឋអាមេរិកពុំមានទំនាក់ទំនងការទូតជាមួយរបបប្រទេសស៊ីរីនោះទេ និងបានបង្ហាញពីការប្រឆាំងចំពោះការចូលទៅប្រាស្រ័យទំនាក់ទំនងជាមួយលោក Assad។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមានថា យើងពុំអាចបញ្ជាក់នូវជំនួបជាក់លាក់ណាមួយពីអតីតកាល ឬពេលបច្ចុប្បន្នបានទេ។ ដូចអ្នកដឹងហើយក្នុងជំនួបនិងការចរចាជាទូទៅ និងដើម្បីធានាបានការដោះលែងជនជាតិអាមេរិកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ជាចំណុចរសើបបំផុត។