
កាលពីថ្ងៃពុធ (៣ ឧសភា) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte ក្នុងទីក្រុងលីម៉ា ខណៈដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ លោក Hayashi និងលោកស្រី Boluarte បានជួបគ្នានៅវិមានប្រធានាធិបតីក្នុងទីក្រុងលីម៉ា ដើម្បីប្រារព្ធខួបលើកទី ១៥០ នៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
មន្ត្រីការបរទេសជប៉ុនរូបនេះ ក៏បានជួបជាមួយសមភាគីប៉េរូលោកស្រី Ana Cecilia Gervasi នៅទីស្តីការក្រសួងការបរទេសនៃប្រទេសប៉េរូ ជាទីដែលអ្នកទាំងពីរបានថ្លែងសេចក្តីថ្លែងការណ៍រួមគ្នាមួយ។
លោក Hayashi បានបង្ហាញពីការរំពឹងទុករបស់ប្រទេសជប៉ុនចំពោះតួនាទីប្រទេសប៉េរូដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
យោងតាមក្រសួងការបរទេសប៉េរូ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់៤,២ពាន់លានដុល្លារនៅឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសអាស៊ីមួយនេះក្លាយជាដៃគូពាណិជ្ជកម្មធំទី៤របស់ប៉េរូ។ លោក Hayashi ក៏បាននិយាយផងដែរថា ប្រទេសជប៉ុន និងប្រទេសប៉េរូបានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ន រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕
