
ការិយាល័យទទួលបណ្តឹងពលរដ្ឋនៃប្រទេសកូឡុំប៊ី បាននិយាយថាកាលពីថ្ងៃពុធ (៣ ឧសភា)ថា ក្រុមឧទ្ទាមទ័ពព្រៃធំបំផុតទីពីររបស់ប្រទេសកូឡុំប៊ី បានដោះលែង បុរសជនជាតិស៊ុយអែត-សញ្ជាតិអាមេរិក ដែលត្រូវបានចាប់ខ្លួនតាំងពីខែមីនាមក។
បុរសជនជាតិស៊ុយអែត-សញ្ជាតិអាមេរិកឈ្មោះថា Ulf Bilger Erlingsson ដែលត្រូវបានចាប់ជំរិតដោយក្រុមឧទ្ទាមកងទ័ពរំដោះជាតិ (ELN) កាលពីថ្ងៃទី១ខែមីនា ត្រូវបានដោះលែងកាលពីថ្ងៃពុធ ហើយបានបញ្ចូនទៅឱ្យបេសកកម្មមនុស្សធម៌ នៅក្នុងនាយកដ្ឋាន Norte de Santander នៅភាគឦសាននៃប្រទេសកូឡុំប៊ី។
មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋ លោក Carlos Camargo បាននិយាយថាបេសកកម្មមនុស្សធម៌ បានស្ថិតនៅក្នុងតំបន់ Catatumbo អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីស្វះស្វែងឲ្យមានការដោះលែងលោក Bilger Erlingsson ។ ក្រុមឧទ្ទាមនោះ បានបញ្ជាក់ថាខ្លួនបានចាប់ជំរិតលោក Erlingsson អាយុ ៦៣ ឆ្នាំកាលពីខែមេសា។
រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី និងក្រុមឧទ្ទាម បានចាប់ផ្តើមកិច្ចចរចាសន្តិភាពជុំទី៣ កាលថ្ងៃអង្គារ (២ ឧសភា) នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ ក្រុមឧទ្ទាមកងទ័ពរំដោះជាតិ (ELN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ដោយក្រុមអាចារ្យសាសនាគ្រឹស្តនិកាយកាតូលិក មានទស្សនៈជ្រុលនិយម មានសមាជិកប្រហែល ៥.៨៥០នាក់ រួមទាំងអ្នកប្រយុទ្ធ ២.៩០០នាក់ ហើយត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់ខ្លួនឯងតាមរយៈការជួញដូរគ្រឿងញៀន ធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងការចាប់ជំរិតទារប្រាក់៕
