សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងហោច ៩នាក់ បានរងរបួសក្រោយខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារទៅលើអ្នកទិញទំនិញនៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Allen នៅភាគខាងជើងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។

មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្សារទំនើប ពេលដែលបុរសម្នាក់ បើកការបាញ់ប្រហារមិនរើសមុខទៅលើអ្នកដំណើរឆ្លងកាត់។
ក្រុមនគរបាលនិយាយថា ពួកគេបានបាញ់សម្លាប់ខ្មាន់កាំភ្លើង ប៉ុន្តែពួកគេមិនអាចបញ្ជាក់ពីចំនួនមនុស្សស្លាប់បានឡើយ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។
រូបភាពវីដេអូឃ្លីបទទួលបានពីសារព័ត៌មានក្នុងស្រុក ឃើញក្រុមនគរបាលប្រញាប់ប្រញាល់ជម្លៀសអ្នកទិញទំនិញចេញពីផ្សារទំនើប ក្នុងនោះរថយន្ត និងរថយន្តសង្រ្គោះបន្ទាន់ បានចតនៅច្រកចូលក្បែរនោះ ។
សូមបញ្ជាក់ថា ករណីបាញ់បោះសេរីទ្រង់ទ្រាយធំ បានក្លាយជារឿងធម្មតាទៅហើយនៅសហរដ្ឋអាមេរិក ពោលគឺហេតុការណ៍បាញ់ប្រហារយ៉ាងហោច ១៩៨លើក បានកើតឡើងមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕