មន្ត្រីអនុវត្តន៍ច្បាប់រដ្ឋតិចសាស់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស៨នាក់ នៅហាងលក់ទំនិញតំបន់ Dallas ជឿលើមនោគមណាស៊ីនិយមបែបថ្មី ប៉ុន្តែទំនងជាផ្តោតលើជនរងគ្រោះទាំងបំពាន និងដោយមិនគិតពីជាតិសាសន៍ អាយុ ឬភេទនោះទេ។

ខ្មាន់កាំភ្លើងដែលត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Mauricio Garcia មានអាយុ៣៣ឆ្នាំ បានបើកការបាញ់ប្រហារដោយកាំភ្លើងវែង ប្រភេទ AR-15 កាលពីថ្ងៃសៅរ៍ នៅផ្សារទំនិញ Allen Premium ដែលមានមនុស្សច្រើន នៅក្នុងទីក្រុង Allen រដ្ឋតិចសាស់។

ការបាញ់ប្រហារសម្លាប់រង្គាលនេះ បានបញ្ចប់ក្នុងរយៈពេលច្រើននាទីក្រោយមកនៅពេលដែលនគរបាលបាញ់សម្លាប់ជនសង្ស័យ។ មនុស្ស៨នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះរួមមានទាំងកុមារ៣នាក់ បងប្អូនស្រីតូចៗ២នាក់ ព្រមទាំងក្មេងប្រុសអាយុ៣ឆ្នាំម្នាក់មកពីគ្រួសារផ្សេងគ្នាដែលឪពុកម្តាយរបស់ក្មេងទាំងនេះ ស្ថិតក្នុងចំណោមអ្នកស្លាប់។ បន្ថែមលើនេះ មនុស្ស១០នាក់ផ្សេងទៀត មានអាយុពី៥ឆ្នាំដល់៦១ឆ្នាំ បានរងរបួស។
លោក Hank Sibley នាយកប្រចាំតបន់ នៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បានិយាយថា ក្រុមអ្នកស៊ើបអង្កេត បានរកឃើញអាវុធ៨ដើមរួមមាន ទាំងអាវុធពិឃាត មកពីលំនៅឋានរបស់ខ្មាន់កាំភ្លើង និងរថយន្តរបស់គេ ហើយអាវុធទាំងអស់ត្រូវបានទិញដោយខុសច្បាប់។
លោក Sibley បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា បញ្ហាធំដែលយើងកំពុងដោះស្រាយនៅពេលនេះគឺ អ្វីដែលជាការជំរុញទឹកចិត្តរបស់ខ្មាន់កាំភ្លើង? ហេតុអ្វីបានជាគេធ្វើបែបនេះ? យើងពុំដឹងនោះទេ។
លោក Sibley បាននិយាយថា Garcia ធ្លាប់បានបម្រើជាយោធាអាមេរិក ដែលពេលនោះគគេមានបញ្ហាផ្លូវចិត្តដែលពុំបានបញ្ជាក់បាន ហើយគេបានធ្វើការនៅក្នុងក្រុមហ៊ុនសន្តិសុខឯកជនមួយកាលពីពេលកន្លងទៅនេះ។