
ព្រះសីហនុ៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រាប់ថា នាវាកងទ័ពជើងទឹកឥណ្ឌា ០២គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈក្នុងឱកាស នៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ប្រកួតកីឡាជាមិត្តភាព និងធ្វើលំហាត់រួមគ្នាលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក អំឡុងពេលនាវាធ្វើដំណើរចាកចេញពីកំពង់ផែទៅវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
លក្ខណៈបច្ចេកទេសនាវា គឺ១-ឈ្មោះ INS DELHI (D61) ជាប្រភេទនាវាពិឃាត ដែលមានបណ្ដោយប្រវែងជាង ១៦០ម៉ែត្រ ទទឹងជាង ១៧ម៉ែត្រ ជម្រៅទឹកជាង ៦ម៉ែត្រ ទំងន់ផ្ទុកជិត ៧ពាន់តោន ចំនួនមនុស្សជាង ៤០០នាក់ ដែលមានមេបញ្ជាការនាវា លោក វរនាវីឯក SHIRAZ HUSSAIN AZAD។ ២-ឈ្មោះ INS SATPURA (F48) ជាប្រភេទនាវាប្រយុទ្ធ ដែលមានបណ្ដោយប្រវែងជាង ១៤០ម៉ែត្រ ទទឹងជិត ១៧ម៉ែត្រ ជម្រៅទឹកជិត ៧ម៉ែត្រ ទំងន់ផ្ទុកជាង ៥ពាន់តោន ចំនួនមនុស្សជិត ៤០០នាក់ ដែលមានមេបញ្ជាការនាវា លោក វរនាវីឯក KARTIK MURTHY។


