
កំពង់ធំ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ។
ឯកឧត្ដមបានថ្លែងបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្ដមបញ្ជាក់ថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ គឺបានផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក៕












