
មនុស្ស៣នាក់ បានរងរបួស បន្ទាប់ពីមានអគ្គិភ័យឆាបឆេះរោងចក្រផលិតហ្វូមក្នុងប្រទេសថៃ។ រោងចក្រ Thai Foam ក្នុងខេត្តអយុធ្យា ត្រូវបានរញ្ជួយដោយការផ្ទុះ២ដង ខណៈកម្មកររាប់សិបនាក់ កំពុងបំពេញការងារកាលពីថ្ងៃទី៩ ខែឧសភា។
ប្រអប់ក្រដាស និងបន្ទះហ្វូម ដែលត្រូវបានរក្សាទុកក្នុងឃ្លាំងមួយ ត្រូវភ្លើងឆាបឆេះ ដែលបង្កឲ្យមានអណ្តាតភ្លើងសន្ធោសន្ធៅយ៉ាងលឿន។
រូបភាពវីដេអូ បង្ហាញឲ្យឃើញផ្សែងខ្មៅហុយឡើងយ៉ាងខ្មួលខ្មាញ់ពីអគារ ខណៈកម្មករក្នុងឈុតការពារសុវត្ថិភាព បានរត់ចេញពីបរិវេណរោងចក្រ។
លោក Pairat Petchyuan អភិបាលរងខេត្តអយុធ្យា បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាង ១០គ្រឿង ដើម្បីទៅពន្លត់អគ្គិភ័យនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ នៅវេលាម៉ោង៤ រសៀល។
បុគ្គលិកម្នាក់ឈ្មោះ Amporn វ័យ ៤៤ឆ្នាំ បាននិយាយថា៖ «នៅពេលនោះមានបុគ្គលិកប្រហែលជា ៦០នាក់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន។ យើងបានឮសំឡេងផ្ទុះ ២ដង មុនពេលឃើញភ្លើងឆាបឆេះឃ្លាំង»។
បុរស ២នាក់ និងស្ត្រីម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសាររលាកភ្លើង ខណៈដែលការឆេះនេះ ក៏ត្រូវគ្រប់គ្រងបានផងដែរ។
មន្ត្រីប៉ូលិសខេត្តអយុធ្យា បាននិយាយថា ពួកគេនឹងស៊ើបអង្កេតមូលហេតុនៃការឆេះនេះ ខណៈដែលភ្នាក់ងារបរិស្ថាននឹងវាយតម្លៃផលប៉ះពាល់នៃផ្សែងកង្វក់ទៅលើខ្យល់អាកាស៕
