ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។
ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណីសំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានកោតសរសើរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាពនៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ដែលសម្រេចបានប្រមាណ ៩៩% ហើយក៏បានលើកទឹកចិត្តដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវអាទិភាពផ្សេងៗទៀតដែលនៅសល់។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីឆ្នាំ២០២១ មក លេខាធិការដ្ឋានអាស៊ានបានតាមដានលើបញ្ហាថ្មីៗ ដែលកំពុងកើតមានផងដែរ ដូចជា ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាតកូវីដ-១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ (YPS) ដែលបានកំណត់ដោយក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន៕

