
រយៈពេល ៥ថ្ងៃ ក្រោយទឹកជំនន់បំផ្លិចបំផ្លាញភូមិ២កន្លែងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ្នករស់រានមានជីវិតនៅស្វែងរកសមាជិកគ្រួសាររបស់ពួកគេ ។
លោក Paul Serushago គឺជាអ្នករស់រានមួយរូប និយាយថា ក្រុមគ្រួសាររបស់លោករស់នៅផ្ទះខាងមុខនេះ ប៉ុន្តែពួកយើងរកពួកគេពុំឃើញឡើយ ពួកយើងគិតថា ពួកគេអាចនឹងនៅក្នុងផ្ទះឪពុករបស់ខ្ញុំ ។
មនុស្សជាង ៥.៥០០នាក់ នៅបាត់ខ្លួននៅតំបន់ភ្នំដាច់ស្រយាល ស្ថិតក្នុងខេត្ត South Kivu ។ ទឹកជំនន់ បានជន់លិចភូមិ Nyamukubi និងភូមិ Bushushដោយបំផ្លិចបំផ្លាញផ្ទះសម្បែង ដំណាំ និងបានសម្លាប់មនុស្សជាង ៤០០នាក់ ។
កាលពីថ្ងៃអង្គារ ក្រុមមន្រ្តីរដ្ឋាភិបាល បាននាំយកភួយ ចំណីអាហារ និងក្តារមឈូសទៅកាន់ភូមិ Nyamukubi ។ ពួកគេបានបរិច្ចាគថវិកាខ្លះៗផងដែរ ដល់ក្រុមគ្រួសាររងផលប៉ះពាល់ និងមណ្ឌលសុខភាពក្នុងស្រុក ។
ប៉ុន្តែគណៈប្រតិភូមួយនេះ ពុំបានធ្វើដំណើរទៅកាន់ភូមិ Bushushu នោះទេ ជាទីដែលគេមានជំនឿថា ចំនួនមនុស្សស្លាប់ នឹងកើនឡើងខ្ពស់ជាងនេះ ៕


