
ក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់ដែលបានវង្វេងនៅក្នុងព្រៃដាច់ស្រយាលនៃរដ្ឋ Michigan បានរស់រានមានជីវិតរយៈពេលពីរថ្ងៃដោយការបរិភោគព្រិល និងលាក់ខ្លួននៅក្រោមជម្រកគល់ឈើ។ ក្មេងប្រុស Nante Niemi បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ខណៈកំពុងបោះជំរំជាមួយគ្រួសារនៅក្នុងឧទ្យានរដ្ឋតំបន់ភ្នំកាំប្រមា។
គេបានវង្វេងផ្លូវពេលដើរទៅប្រមូលអុស ដែលធ្វើឱ្យមនុស្ស១៥០នាក់ប្រឹងប្រែងស្វែងរកដើម្បីជួយសង្គ្រោះក្មេងនេះ។
កាលពីថ្ងៃចន្ទគេត្រូវបានរកឃើញនៅក្រោមជម្រកគល់ឈើ "ក្នុងសភាពល្អប្រសើរ" ប្រហែល ២ម៉ាយពីជំរុំរបស់ខ្លួន។
នគរបាលរដ្ឋ Michigan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គេក្លាហាននិងឆ្លាតជាខ្លាំង ដោយជ្រកនៅក្រោមកំណាត់ឈើ ជាទីដែលរូបគេត្រូវបានរកឃើញ"។ ក្មេងប្រុសនោះបានប្រាប់នគរបាលថាខ្លួន "បរិភាគព្រិលស្អាតសម្រាប់បំពេញជាតិទឹក" ។
នគរបាលរដ្ឋបាននិយាយថា ស្ថានភាពភូមិសាស្ត្រតំបន់នេះគឺ "ដាច់ស្រយាលណាស់ និងជាតំបន់ភ្នំពោរពេញដោយទឹកដក់ច្រើន ដោយសាររដូវកាលនៃឆ្នាំនេះ"។ ផ្លូវជាច្រើនមិនអាចធ្វើដំណើរបានដោយសារព្រិលច្រើន។
ក្រុមការងារបានផ្តោតការស្វែងរកលើផ្ទៃដីប្រហែល ៤០ម៉ាយក្រឡា (១០០ គីឡូម៉ែត្រក្រឡា) នៅក្នុងឧទ្យាន ហើយទីបំផុតក៏បានរកឃើញក្មេងប្រុសនេះ៕
