
កាលពីថ្ងៃពុធ (១០ ឧសភា) ពលរដ្ឋហ្ស៊កហ្ស៊ីរាប់សិបនាក់ បានធ្វើបាតុកម្មនៅខាងក្រៅអគារក្រសួងការបរទេសនៃប្រទេសរបស់ខ្លួនដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចរបស់រុស្ស៊ីក្នុងការស្តារការធ្វើដំណើរឡើងវិញដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋហ្ស៊កហ្ស៊ី និងដកបម្រាមជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរដែលបានដាក់ចេញក្នុងឆ្នាំ ២០១៩។
ប្រធានាធិបតីហ្ស៊កហ្ស៊ីលោកស្រី Salome Zourabichvili ដែលតំណែងរបស់ខ្លួនស្ទើរត្រឹមជាពិធីការ ហើយបានចោទប្រកាន់ម្តងហើយម្តងទៀតថាគណបក្សកាន់អំណាច Georgian Dream ថាមានទំនាក់ទំនងជាមួយទីក្រុងមូស្គូចាប់តាំងពីត្រូវបានជាប់ឆ្នោតដោយមានការគាំទ្រពីរុស្ស៊ីនៅឆ្នាំ២០១៨ បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ទង្វើរបស់រុស្ស៊ីគឺជា "ការបង្កហេតុ" ។
ប្រទេសរុស្ស៊ីអនុញ្ញាតឱ្យពលរដ្ឋនៃអតីតសាធារណរដ្ឋសូវៀតភាគច្រើនចូលក្នុងប្រទេសដោយគ្មានទិដ្ឋាការ ប៉ុន្តែបានដាក់កំហិតមានទិដ្ឋាការលើជនជាតិហ្ស៊កហ្ស៊ីក្នុងឆ្នាំ ២០០០ ដោយលើកឡើងពីហានិភ័យនៃអំពើភេរវកម្មនៅក្នុងតំបន់ Caucasus ខាងជើង។ ទីក្រុងមូស្គូបានហាមឃាត់ការហោះហើរត្រង់ទៅកាន់ហ្ស៊កហ្ស៊ីក្នុងឆ្នាំ ២០១៩ បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរុស្ស៊ី។
ហ្ស៊កហ្ស៊ី អនុញ្ញាតឱ្យជនជាតិរុស្សីចូលក្នុងប្រទេសខ្លួនដោយគ្មានទិដ្ឋាការ និងមានសិទ្ធិការងារពេញលេញរហូតដល់មួយឆ្នាំ បានធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅសំខាន់មួយសម្រាប់ជនជាតិរុស្ស៊ីដែលបានចាកចេញពីប្រទេសរបស់ពួកគេចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន៕
