អ៊ុយក្រែន៖ មេបញ្ជាការកងពលតូចអ៊ុយក្រែន ដែលកំពុងប្រយុទ្ធក្នុងទីតាំងនៃការបំផ្លាញទីក្រុងBakhmut និយាយថា កងកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានបង្កើនការបាញ់ផ្លោង និងការវាយប្រហារដោយកាំភ្លើងធំក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយពុំមានប្រឈមនឹងកង្វះគ្រាប់រំសេវនោះទេ។ ប្រធានទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានត្អូញត្អែរយៈពេលច្រើនសប្តាហ៍មកនេះថា ទាហានរុស្ស៊ីកំពុងប្រើប្រាស់អស់នូវគ្រាប់រំសេវដែលមានគ្រប់គ្រាន់របស់ទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់លោក ដើម្បី ដណ្តើមយកទីក្រុងរបស់អ៊ុយក្រែនភាគខាងកើត ជាកន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងរយៈពេលជាច្រើនខែមកនេះ ដែលត្រូវបានចាត់ទុកតាមរបៀបមួយថាជា «អ្នកចិញ្រ្ចាំសាច់»។

លោកវរសេនីយឯក Roman Hryshchenko របស់អ៊ុយក្រែន ជាមេបញ្ជាការកងពលតូចការពារដែនដី ទី១២៧ របស់អ៊ុយក្រែន និយាយថាកងកម្លាំងរុស្ស៊ីកំពុងធ្វើការវាយលុកឥតឈប់ឈរនៅក្នុងទីក្រុងនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងវាយបកទៅលើពួកគេយ៉ាងសុំណំ។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ ថា ស្ថានភាពមានការលំបាក។ សត្រូវកំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនយ៉ាងច្រើនមកលើពួកយើង ដែលកំពុងវាយប្រហារសន្ធាប់ឥតឈប់ឈរ។
លោកនិយាយថា លោកនិងទាហានកងពលតូចរបស់លោកទាំងអស់បានរស់នៅក្នុង ទីក្រុង Bakhmut ដែលត្រូវបានបំផ្លាញរយៈពេលជិត២ខែ។ កងកម្លាំងរុស្ស៊ីបានស្លាប់និងរងរបួសជាច្រើនលើក ដែលមានចំនួនច្រើនជាងអង្គភាពរបស់លោក ប៉ុន្តែពុំបានបញ្ជាក់ពីចំនួននោះទេ។ រុស្ស៊ីកំពុងបាត់បាត់ទាហានដ៏ច្រើនរបស់ខ្លួន ដែលទីក្រុង Bakhmut បានបំពេញភារកិច្ចដ៏សំខាន់របស់ខ្លួនហើយ និងបន្តបំពេញបន្ថែមទៀត៕
