អាមេរិក៖ លោក Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករកបាននាយកប្រតិបត្តិថ្មីសម្រាប់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ឬ X Corp ហើយ។ គេគឺមនុស្សស្រី ។ លោកពុំបានបញ្ជាក់ឈ្មោះរបស់ស្ត្រីរូបនេះទេ ប៉ុន្តែបាននិយាយថា ស្ត្រីរូបនោះ នឹងចាប់ផ្ដើមការងារក្នុងពេល៦សប្ដាហ៍ទៀត ។
លោក Musk ដែលបានទិញយកក្រុមហ៊ុន Twitter កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុននិងដឹកនាំរហូតមកដល់បច្ចុប្បន្ន បានទទូចជាយូរមកហើយថា លោកពុំមែនជានាយកប្រតិបត្តិអចិន្ត្រៃយ៍របស់ក្រុមហ៊ុននេះទេ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រូបនេះ បាននិយាយនៅតាមបណ្ដាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តួនាទីរបស់លោកនឹងប្រគល់ទៅឲ្យនាយប្រតិបត្តិរបស់ក្រុមហ៊ុន Twitter និង ប្រធានបច្ចេកវិទ្យា។
កាលពីពាក់កណ្ដាលខែវិច្ឆិកា ត្រឹមតែប៉ុន្មានសប្ដាហ៍បន្ទាប់ពីការទិញយកក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក លោកបានប្រាប់តុលាការរដ្ឋ Delaware សហរដ្ឋអាមេរិកថា លោកមិនចង់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាមួយឡើយ។

លោក Muskបាននិយាយខណៈកំពុងផ្ដល់សក្ខីកម្មថា ខ្ញុំរំពឹងថានឹងកាត់បន្ថយពេលវេលារបស់ខ្ញុំនៅក្រុមហ៊ុន Twitter និង ស្វែងរកនរណាម្នាក់ដើម្បីគ្រប់គ្រងក្រុមហ៊ុននេះរហូតតទៅ។
ជាងមួយខែក្រោយមក លោកបានសរសេរនៅលើបណ្ដាញ Twitter ថា ខ្ញុំនឹងលាលែងពីតួនាទី ជានាយកប្រតិបត្តិក្រុមហ៊ុនភ្លាមៗ នៅពេលដែលខ្ញុំរកបានបុគ្គដែលមានសមត្ថភាពគ្រប់គ្រាន់គ្រប់គ្រងការងារនេះ។ ការសន្យារបស់លោកបានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ រាប់លាននាក់ បានស្នើឲ្យលោកចុះចេញពីតំណែង នៅក្នុងការស្ទង់មតិតាមTwitterដែលលោកបានបង្កើតដោយខ្លួនឯង និងបានសន្យាទទួលយកលទ្ធផលនេះ ៕