អេហ្ស៊ីប៖ប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសលើកលែងការនាំចូលមាសមិនបង់ពន្ធគយ និងការចំណាយផ្សេងទៀតសម្រាប់ពន្ធបន្ថែម ដែលនឹងរក្សាធ្វើឲ្យមានស្ថិរភាពលើទីផ្សារមាសខណៈមើលឃើញតម្លៃកើនឡើងខ្ពស់។ គណៈរដ្ឋមន្ត្រី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថានាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly បានធ្វើការសម្រេចដូច្នេះ ដែលនឹងអនុវត្តក្នុងរយៈពេល៦ខែចំពោះអ្នកដំណើរដែលនាំយកផលិតផលមាសមកពីបរទេស ប៉ុន្តែគជ់ខ្យង និងត្បូង ពុំរាប់បញ្ចូលនោះទេនៅក្នុងចំណាត់ការថ្មីនេះ។

សេចក្តីថ្លែងការណ៍ ពុំបានបញ្ជាក់ច្បាស់ពីចំនួនមាសដែលត្រូវបានលើកលែងពន្ធនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ប្រជាជនអេហ្ស៊ីប អាចចូលមកអាកាសយានដ្ឋាន ឬកំពង់ផែ ជាមួយមាសមិនយកពន្ធចំនួនរហូតដល់១៥០ក្រាម។ លោក Nady Naguid អគ្គលេខាធិការ វិស័យមាស នៅក្នុងសភាពាណិជ្ជកម្មទីក្រុងគែរ បាននិយាយថា សេចក្តីសម្រេចថ្មីនេះ គឺជាការល្អ ដើម្បីទាញយកបរិមាណមាសបន្ថែមទៀតនៅក្នុងទីផ្សារដើម្បីកាត់បន្ថយតម្លៃ ក្នុងពេលមានការរំខានចំពោះការលក់មាសនៅក្នុងប្រទេសអេហ្ស៊ីប ក្នុងពេលលើកមកពិចារណាពីកង្វះខាតប្រាក់ដុល្លារអាមេរិក។

លោកនិយាយថា ការសាកល្បង នឹងចាប់ផ្តើម ដើម្បីនាំយកលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល២ខែខាង មុខ។ អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ មានការកើនឡើងតម្លៃមាសដែលពុំធ្លាប់មានពីមុនមក ដោយសារតែតម្រូវការខ្ពស់របស់ប្រជាជនអេហ្ស៊ីប ដែលគិតថាវាជាការវិនិយោគមានសុវត្ថិភាព ខណៈរូបីយប័ណ្ណក្នុងស្រុករបស់អេហ្ស៊ីប កំពុងមើលឃើញការធ្លាក់ចុះខ្លាំងទល់នឹងប្រាក់ដុល្លារ។