ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍន៍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ឱវាទលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល។
ផេកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា សម្រាប់គោលដៅអភិវឌ្ឍន៍ និងបន្តពង្រឹងសមត្ថភាពមន្ត្រីទាំងអស់នេះ រួមមាន៖ការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកបទពិសោធការអនុការងារជាក់ស្តែងជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍន៍ក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
ប្រភពដដែល បានបញ្ជាក់ថា គិតពីថ្ងៃទី៩ ដល់១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ជូនសិក្ខាកាមចំនួន ៨៤រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ១៤ខេត្ត។
ចំពោះកម្មវិធីបណ្ដុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ដើម្បីបង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ និងបង្កើតឱ្យមានយន្តការចែករំលែកបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។
តាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងទៀតថា កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចជាខេត្តសៀមរាប ប៉ៃលិន កំពង់ធំ និងខេត្តព្រះសីហនុ៕






