
រដ្ឋមន្ត្រីការពារជាតិទួរគី លោក Hulusi Akar បាននិយាយថា ភាគីនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជិតឈានដល់ការសម្រេចមួយដើម្បីបន្ថែមពេលវេលាបន្ទាប់ពីកិច្ចពិភាក្សារវាងក្រុមមន្ត្រី អ៊ុយក្រែន រុស្ស៊ី ទួរគី និងអង្គការសហប្រជាជាតិ។
រុស្ស៊ីបានគំរាមថានឹងចាកចេញពីកិច្ចព្រមព្រៀងនៅថ្ងៃទី ១៨ ខែឧសភា ជុំវិញឧបសគ្គនានាចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន ហើយភាគីទាំងបួនបានពិភាក្សាគ្នាលើសំណើរបស់អង្គការសហប្រជាជាតិដើម្បីបន្តកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃព្រហស្បតិ៍។
អង្គការសហប្រជាជាតិ និងទួរគី បានផ្តួចផ្តើមកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីខែកក្កដាឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែអាក្រក់ទៅៗដោយសារសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិបានយល់ព្រមជួយទីក្រុងមូស្គូ សម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ខ្លួន។
វិមានក្រឹមឡាំងបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនិយាយជាមួយប្រធានាធិបតីទួរគីលោក Tayyip Erdogan ដោយការជូនដំណឹងខ្លីប្រសិនបើចាំបាច់ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនទាន់មានផែនការបែបនេះនៅឡើយទេ។
លោក Akar ក៏បាននិយាយផងដែរថា ខ្លួនត្រូវបានគេប្រាប់ថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់ការវិលត្រឡប់នៃនាវាពាណិជ្ជកម្មទួរគីចំនួន ៦ ទៅកាន់ប្រទេសវិញ ដែលបច្ចុប្បន្នស្ថិតនៅក្នុងកំពង់ផែអ៊ុយក្រែន៕
