យោងតាមមន្ត្រីអាមេរិក ដែលដឹងច្បាស់ពីការពិភាក្សាបានឲ្យដឹងថា ក្រុមមេដឹកនាំប្រទេសមានឧស្សាកម្មរីកលូតលាស់ទាំង៧ឬ G7 គ្រោងនឹងពិភាក្សាពីការព្រួយបារម្ភអំពីការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅបរទេស ជាផ្នែកនៃសេចក្តីថ្លែងការណ៍រួមដ៏ទូលំទូលាយរបស់ពួកគេនៅសប្តាហ៍ក្រោយ។

សេចក្តីថ្លែងការណ៍ ទំនងជាសម្រង់សំណុចសំខាន់នៃសេចក្តីថ្លែងការណ៍រួមសរុប ដែលនឹងផ្សព្វផ្សាយដោយក្រុមមេដឹកនាំអំឡុងកិច្ចប្រជុំកំពូលថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន ដែលត្រូវបានគេរំពឹងថានឹងជាការឆ្លើយតបទៅនឹងសំណើរដែលបានតាក់តែងដ៏ទូលំទូលាយលើមធ្យោបាយដែលប្រទេសជឿនលឿនទាំង៧នឹងធ្វើការរួមគ្នាដើម្បីទប់ទល់សម្ពាធសេដ្ឋកិច្ចមកពីប្រទេសណាមួយ។

មន្ត្រីបាននិយាយថា កាលពីថ្ងៃសុក្រថា សេចក្តីថ្លែងការណ៍របស់ប្រទេសG7 ដ៏សំខាន់ នឹងកំណត់ដាក់បញ្ចូលផ្នែកមួយដ៏ជាក់លាក់ចំពោះប្រទេសចិនជាមួយបញ្ជីមួយនៃការព្រួយបារម្ភដែលរួមមាន សម្ពាធសេដ្ឋកិច្ច និងឥរិយាបថផ្សេងទៀតដែលត្រូវបានមើលឃើញយ៉ាងជាក់លាក់ពីសាធារណៈរដ្ឋប្រជាមានិតចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានផ្តោតលើប្រទេសចិន នូវគោលនយោបាយការបរទេសរបស់លោក ដោយព្យាយាមទប់ទំនាក់ទំនងដ៏តានតឹង ប្រកួតប្រជែងកុំឲ្យងាកចូលទៅកាន់ដំណាក់កាលមួយនៃជម្លោះបើកចំហ ដោយរួមទាំងបញ្ហាកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងផងដែរ។