
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សរុបជាង៣ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ឧសភានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយទៅកាន់ក្រុមជ្រុលនិយម ដែលតែងតែវាយប្រហារមកលើសម្តេច ក្រុមគ្រួសារសម្តេចរួមទាំងការប្រមាថមកលើព្រះមហាក្សត្រផងដែរនោះ សម្តេចបានមានប្រសាសន៍ថា ត្រកូលហ៊ុនគឺជាត្រកូលការពាររបបរាជានិយមការពាររាជបល្ល័ង្ក មិនមែនជាត្រកូលក្បត់នោះទេ។
ជាមួយនឹងការរំលឹកពីភាពស្រដៀងគ្នានៃទំនាក់ទំនងរវាងគ្រួសាររបស់សម្តេចដូចជាឪពុករបស់សម្តេចក៏ដូចជាតួអង្គសម្តេចផ្ទាល់ទៅនឹងព្រះបិតា និងព្រះមហាក្សត្របច្ចុប្បន្នសម្តេច បានមានប្រសាសន៍ថា សម្តេចមិនប្រៀបធៀបរវាងគ្រួសារសម្តេចជាមួយនឹងស្តេចទេ ប៉ុន្តែសម្តេច បានមានប្រសាសន៍ថា បើគេនិយាយពីត្រកូលសម្តេច ក៏លើកឡើងពីត្រកូលរបស់សម្តេចដែរ ហើយត្រកូលរបស់សម្តេចគឺជាត្រកូលដែលការពាររបបរាជានិយម ការពាររាជបល្ល័ង្ក មិនមែនត្រកូលក្បត់ស្តេចទេ។
សូមបញ្ជាក់ថា ការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានយក ឱកាសលើកឡើងបែបនេះដោយសារជាដរាបរៀងមក ជនក្បត់ជាតិ សម រង្ស៊ី តែងតែវាយប្រហារមកលើការដឹកនាំរបស់សម្តេច ក្រុមគ្រួសាររបស់សម្តេចជាពិសេសតែងតែធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រផងដែរ៕