
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួងឱ្យដាក់ពង្រាយមន្ត្រីបច្ចេកទេសជួយដល់កសិករក្នុងការធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមសរុបជាង៣ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៥ឧសភានេះ។ ជាមួយនឹងការរំលឹកពីគោលនយោបាយកំណែទម្រង់អភិវឌ្ឍន៍វិស័យកសិកម្មដូចដែលសម្តេច ធ្លាប់បានមានប្រសាសន៍ជាញឹកញាប់ក្នុងពេលបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនោះ សម្តេចតែងតែរំលឹកឱ្យមន្ត្រីកសិកម្មបន្តជំរុញអនុវត្តផ្ទេរការអភិវឌ្ឍពីការអភិវឌ្ឍបើកទូលាយទៅការអភិវឌ្ឍតាមបែបស៊ីជម្រៅ មានន័យថា ការអភិវឌ្ឍវិស័យកសិកម្មដែលប្រើផ្ទៃដីនៅដដែល ឱ្យទទួលបានផលច្រើនពោលគឺការធ្វើស្រែឱ្យបាន២ដង ឬ៣ដងក្នុង១ឆ្នាំ ។
សម្ដេចក៏បានជំរុញក្រសួងកសិកម្មត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មជួយដល់កសិករដើម្បីធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។
សម្ដេចតេជោ ក៏បានណែនាំដល់ មន្ត្រីក៏ដូចជាកសិករត្រូវធ្វើការកែប្រែដូចជាកន្លែងដែលខ្វះទឹកទៅជាការដាំដុះដំណាំផ្សេងវិញដូចជាអំពៅ ព្រោះដំណាំនេះមានរោងចក្រផលិតស្ករស ឬអាចដាំអ្វីផ្សេងដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចខ្ពស់ហើយមិនព្រួយការខ្វះទឹក៕