អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) ថា លោកនៅតែមាន «សុទិដ្ឋិនិយម» អំពីការស្វែងរកកិច្ចព្រមព្រៀងជាមួយគូប្រជែងខាងគណបក្ស Republican ដើម្បីបង្កើនការកម្រិតបំណុលរបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុល ដែលរដ្ឋបាលរបស់លោកបានព្រមានថា នឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។
សមាជិកសភាមកពីគណបក្ស Republican កំពុងទាមទារឱ្យមានការកាត់បន្ថយថវិកាជាថ្នូរនឹងការដកការរឹតត្បិតលើការខ្ចីប្រាក់របស់សហរដ្ឋអាមេរិក ខណៈដែលសេតវិមានបានទទូចអស់រយៈពេលជាច្រើនខែមកហើយថាសមត្ថភាពដោះស្រាយបំណុលរបស់ប្រទេស មិនគួរយកឡើងសម្រាប់ការចរចាទេ។

ទន្ទឹមនឹងនោះ សំឡេងប្រកាសអាសន្ន កំពុងរោទ៍ឡើង ជុំវិញលទ្ធភាពនៃការខាកខានសងបំណុលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ជាមួយនឹងភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដ ដែលរដ្ឋាភិបាលនឹងលែងមានលទ្ធភាពសងបំណុលរបស់ខ្លួន។
ភាគីទាំង២ នៅតែស្ថិតក្នុងផ្លូវទ័លច្រក បើទោះជាមានការព្រមានជាច្រើនសប្តាហ៍ពីមន្ត្រីរដ្ឋាភិបាល និងធនាគារិកដែលថា ការខកខានសងបំណុលអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះរួមទាំងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន និងទំនងជាមានការរាលដាលផ្នែកហិរញ្ញវត្ថុសកលទៀតផង។

តែយ៉ាងណាក៏ដោយ ក៏លោក Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគិតថាលោកនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយនៅទីបំផុត ដោយលោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋ Delaware ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយម ពីព្រោះខ្ញុំជាអ្នកសុទិដ្ឋិនិយមពីកំណើត តែខ្ញុំពិតជាគិតថា មានចេតនាមួយរបស់ពួកគេ ក៏ដូចជារបស់ពួកយើង ក្នុងការឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំគិតថា យើងនឹងអាចធ្វើបាន»។
កិច្ចពិភាក្សាជុំថ្មីដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងស្ដីពីការកម្រិតអតិបរិមាបំណុល រវាងលោក Biden និងមេដឹកនាំគណបក្ស Republican រួមទាំងប្រធានសភាលោក Kevin McCarthy ត្រូវបានពន្យារពេលពីថ្ងៃសុក្រ រហូតដល់សប្តាហ៍នេះ៕