
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ (១៦ ឧសភា)នេះថា កីឡាករបាល់ទាត់កូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានសង្ស័យថាបានទទួលសំណូកត្រូវបានឃុំខ្លួនដោយនាយកដ្ឋានសន្តិសុខសាធារណៈនៃខេត្ត Liaoning ភាគឦសាន។
យោងតាមប្រភពការទូតកូរ៉េខាងត្បូង លោក Son ដែលលេងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្លិប Shandong Taishan នៃលីគកំពូលចិន ត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រ (១២ ឧសភា) ដែលជាថ្ងៃខួបកំណើតអាយុ ៣១ឆ្នាំ របស់លោក។
អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា "ប្រទេសចិនគឺជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយនឹងដោះស្រាយករណីពាក់ព័ន្ធដោយស្របតាមច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បុគ្គលដែលពាក់ព័ន្ធ"។
សារព័ត៌មានរ៉យទ័រមិនអាចទាក់ទងលោក Son ដើម្បីសុំការអត្ថាធិប្បាយបានទេ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថាបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសចិនកំពុងផ្តល់ការគាំទ្រផ្នែកកុងស៊ុលចាំបាច់ដល់លោក Son ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមដោយសំអាងលើឯកជនភាព។
លោក Son បានលេងក្នុងការប្រកួតចំនួន ៣ ក្នុងចំណោមការប្រកួតចំនួន៤ របស់ក្រុមជម្រើសជាតិក្នុងអំឡុងពេលការប្រកួត World Cup កាលពីឆ្នាំមុននៅប្រទេសកាតា ជាទីដែលកូរ៉េខាងត្បូងបានឈានដល់ជុំជម្រុះនៃការប្រកួតនេះជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ៕