នគរបាលបាននិយាយកាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ស្ត្រីវ័យចំណាស់បីនាក់ នៅពេលរូបគេកំពុងដើរក្រវែលចុះឡើងនៅម្ដុំសង្កាត់មួយនៃរដ្ឋញូវម៉ិកស៊ីកូ ដោយបាញ់រះតម្រង់រថយន្ត ក្នុងសប្តាហ៍នេះ បានទិញកាំភ្លើងវែងស្របច្បាប់ ជាអាវុធមួយដើម ក្នុងចំណោមអាវុធទាំងបីដើម ដែលរូបគេបានប្រើក្នុងការបាញ់ទាំងកម្រោលនេះ ដោយការប្រព្រឹត្តរបស់យុវវ័យរូបនេះ មានរយៈពេល១ខែ បន្ទាប់ពីចូលដល់វ័យ១៨ឆ្នាំ។

ជនសង្ស័យ ដែលការបាញ់បោះដោយសេរី កាលពីព្រឹកថ្ងៃចន្ទ នៅតាមចន្លោះតំបន់លំនៅឋានមួយនៅក្រុង Farmington រដ្ឋញូវម៉ិកស៊ីកូ បានបញ្ចប់ នៅពេលដែលនគរបាលបានបាញ់សម្លាប់ និងត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈ កាលពីថ្ងៃអង្គារថាមានឈ្មោះ Beau Wilson វ័យ ១៨ឆ្នាំ ជាសិស្សនៅវិទ្យាល័យ Farmington។

នគរបាលបានឲ្យដឹងថា ក្មេងជំទង់ Wilson បានធ្វើដំណើរដោយថ្មើរជើងតាមកំណាត់ផ្លូវមួយ ដោយបាញ់មិនរើសមុខដាក់រថយន្តនានា ដែលក្នុងនោះ លំនៅឋានមួយចំនួន ក៏ត្រូវគ្រាប់កាំភ្លើងផងដែរ មុនពេលនគរបាលបានឃើញ និងដេញតាមជនល្មើសនៅខាងក្រៅព្រះវិហារមួយ រហូតដល់មានការបាញ់តគ្នាជាមួយ Wilson ដើម្បីបញ្ឈប់ការរុលទៅមុខរបស់រូបគេ។
ខ្សែវីដេអូបង្ហាញថា Wilson ដែលស្លៀកពាក់ពណ៌ខ្មៅ ដើរជុំវិញផ្លូវចូលព្រះវិហារកាន់អ្វីមួយដែលទំនងជាកាំភ្លើងជាមួយនឹងបង់អាចផ្ទុកគ្រាប់បានច្រើន មុនពេលដែលជនល្មើសត្រូវបានបាញ់សម្លាប់។
លោក Kyle Dowdy នាយរងនគរបាលក្រុង Farmington បានប្រាប់ក្នុងសន្និសីទសារព័ត៌មានខ្លី កាលពីថ្ងៃអង្គារថា ទង្វើរបស់ខ្មាន់កាំភ្លើង ទំនងចេះតែបាញ់ព្រាវៗប៉ុណ្ណោះដោយពុំមានគោលដៅជាក់លាក់ ឬហេតុផល ដែលយើងអាចកំណត់អត្តសញ្ញាណបាននៅពេលនេះទេ។
នគរបាល បាននិយាយថា មនុស្សបួននាក់ផ្សេងទៀត នៅក្នុងរថយន្ត ដែលត្រូវបានវាយប្រហារដោយកាំភ្លើង បានរងរបួស រួមជាមួយនឹងមន្ត្រីនគរបាលពីរនាក់ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងតំបន់ ចាប់តាំងពីពេលនោះមក៕