
តំបន់ភាគខាងត្បូងអឺរ៉ូប កំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងអំឡុងរដូវក្តៅ ដោយតំបន់មួយចំនួន បានជួបកង្វះខាតទឹកប្រើប្រាស់រួចទៅហើយៗក្រុមប្រជាកសិករ រំពឹងថាពួកគេនឹងទទួលបានទិន្នផលទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ស្របពេលដែលបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យតំបន់មួយនេះ កាន់តែក្តៅ និងកាន់តែស្ងួតជាងមុន គ្រោះរាំងស្ងួតជាប់ៗគ្នារយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យហូតអស់ទុនបម្រុងទឹកក្រោមដី ។
ដីបានប្រែក្លាយជាស្ងួតខ្លាំងនៅប្រទេសអេស្ប៉ាញ តំបន់ភាគខាងត្បូងប្រទេសបារាំង ប្រទេសអ៊ីតាលី និងបណ្តាប្រទេសជាច្រើនទៀតនៅអាហ្វ្រិកខាងជើង ដូចជាប្រទេសទុយនីស៊ី ។
នីវ៉ូទឹកទន្លេ និងអាងស្តុបទឹកទាប កំពុងគំរាមកំហែងដល់ការផលិតថាមពលវារីអគ្គិសនីក្នុងរដូវក្តៅឆ្នាំនេះ និងការទទួលបានទឹកស្អាត ។
ស្របពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំងអំឡុងពេលរដូវក្តៅ ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អឺរ៉ុបស្ថិតលើផ្លូវឆ្ពោះទៅកាន់រដូវក្តៅខ្លាំងមួយទៀត ក្រោយទទួលរងអាកាសធាតុក្តៅបំផុតជាប់កំណត់ត្រាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមអ្នកស្រាវជ្រាវគ្រោះរាំងស្ងួតសហភាពអឺរ៉ូប និយាយថា វាគឺជាស្ថានភាពក្តៅដ៏អាក្រក់បំផុតក្នុងរយៈពេលយ៉ាងហោច ៥០០ឆ្នាំកន្លងមកនេះ ។
លោក Wim Thiery គឺជាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Vrije Universiteit Brusselនៅក្នុងប្រទេសបែលហ្ស៊ិក និយាយថា តំបន់វាលខ្សាច់សាហារ៉ាស្ងួតបំផុត ដូចគ្នានឹងស្ថានភាពអាកាសធាតុនៅតំបន់ភាគខាងត្បូងមេឌីទែរ៉ាណេ កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងជើង ហេតុដូច្នេះហើយពួកយើងរំពឹងថានឹងមានស្ថានភាពអាកាសធាតុស្ងួតជាងមុននៅតំបន់មេឌីទែរ៉ាណេទាំងមូល ហើយស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កផលប៉ះពាល់ច្រើនដល់ក្រុមប្រជាកសិករ គ្រួសារ និងឧស្សាហកម្ម៕
